(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានទទូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូតំណាងក្រុមហ៊ុន Future Focus Solutions និងក្រុមហ៊ុន Global Doctors Group និង Global Healthcare SG ។ជំនួបនេះបានធ្វើឡើង នៅទីស្ដីការក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូក្រុមហ៊ុន Future Focus Solutions និងក្រុមហ៊ុន Global Doctors Group និង Global Healthcare SG និងក្រុមការងារ ដែលគណៈប្រតិភូបានបង្ហាញអំពីគោលបំណងគម្រោងសហការ និងធ្វើការសិក្សាស្វែងយល់ពីសេវាសង្គ្រោះបន្ទាន់ ដែលនឹងរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់គណៈប្រតិភូ និងសូមស្វាគមន៍ចំពោះកិច្ចសហការបន្ថែមលើភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន (Public Private Partnership, PPP) និងស្វែងយល់អំពីឱកាសក្នុងការអភិវឌ្ឍន៍បន្ថែមហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យសុខាភិបាលកម្ពុជា សំដៅការលើកកម្ពស់សុខុមាលភាព និងគុណភាពសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ។

លើសពីនេះការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕