(ក្រចេះ)៖ គណៈកម្មាធិការកណ្ដាលនៃយុវជនគ្រីស្ទបរិស័ទកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ បានរៀបចំបើកវគ្គហ្វឹកហ្វឺនជូនដល់ថ្នាក់ដឹកនាំ «ក្រុមជំនុំមានសុខភាពល្អ» ដល់គ្រីស្ទបរិស័ទ នៅក្នុងខេត្តក្រចេះ។

វគ្គហ្វឹកហ្វឺននេះ មានការចូលរួមបណ្តុះបណ្តាលដោយ ព្រឹទ្ធបូជាចារ្យ ហេង ចេង, ព្រឹទ្ធបូជាចារ្យ សរ ពល:, លោកគ្រូគង្វាល យោក គន្ធាសម្បូរណ៍, លោកគ្រូ កេត ច័ន្ទដារា, លោក នៅ បូរ៉ា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានគណៈកម្មការកណ្ដាលនៃយុវជនគ្រីស្ទបរិស័ទកម្ពុជា។

នៅវគ្គហ្វឹកហ្វឺននេះ លោក នៅ បូរ៉ា អនុប្រធានគណៈកម្មាធិការកណ្ដាលនៃយុវជនគ្រីស្ទបរិស័ទកម្ពុជា តំណាងលោកបណ្ឌិត សៀវ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានគណៈកម្មាធិការកណ្ដាលអចិន្ត្រៃយ៍នៃយុវជនគ្រីស្ទបរិស័ទកម្ពុជា បានផ្ដាំផ្ញើការសួរសុខទុក្ខដល់បងប្អូនគ្រីស្ទបរិស័ទរួមជំនឿផងដែរ។ វគ្គហ្វឹកហ្វឺនស្ដីអំពី ភាពជាអ្នកដឹកនាំ ដើម្បីឲ្យ «ក្រុមជំនុំមានសុខភាពល្អ» អ្នកដឹកនាំប្រាកដណាស់ត្រូវតែមានអ្នកដើរតាម បើគ្មានអ្នកដើរតាម នោះមិនមែនជាអ្នកដឹកនាំនោះឡើយ។

លោកបានបន្ដថា ហេតុដូច្នេះការពង្រឹងភាពជាដឹកនាំ គឺសំដៅដល់គុណភាព ភាពរីកចម្រើនខាងឯសីលធម៌ល្អ ភាពជាគំរូ និងពន្លឺ ប្រព្រឹត្តសេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណាការចុះចូលចំពោះគ្នាទៅវិញទៅមក ព្រមទាំងឆ្លើយតបតាមត្រាស់ហៅឱ្យពេញបរិបូណ៌ក្នុងព្រះអម្ចាស់ ដើម្បីបម្រើដល់ពួកជំនុំប្រកបដោយ «គុណភាព ផលផ្លែ» ថ្វាយព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទនៃយើងចុះ។

សូមគូសបញ្ជាក់ផងដែរ វគ្គហ្វឹកហ្វឺនអ្នកដឹកនាំគ្រីស្ទបរិស័ទ នៃយុវជនគណៈកម្មការគ្រីស្ទបរិស័ទកម្ពុជា ធ្វើឡើងជាបន្តបន្ទាប់ និងវិលជុំ និងបន្តបណ្ដុះបណ្ដាលហ្វឹកហ្វឺន អ្នកដឹកនាំគ្រីស្ទបរិស័ទគ្រប់រាជធានីខេត្តផងដែរ។ ជាក់ស្ដែងវគ្គហ្វឹកហ្វឺនមានអ្នកចូលរួមប្រមាណជា ១១៧នាក់ ក្នុងនោះ អ្នកដឹកនាំយុវជនសកម្ម ប្រមាណជា ៣០នាក់ផងដែរ៕