(ត្បូងឃ្មុំ)៖ សកម្មជនរបស់គណបក្សភ្លើងទៀនបានសម្រេចដើរចេញពីបក្សប្រឆាំងមួយនេះជាបន្តបន្ទាប់ ហើយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំ និងចាស់ទុំជាងគេនៅកម្ពុជា។
នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ អតីតសកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀនចំនួន២៧នាក់ ក្នុងស្រុកមេមត់ នៃខេត្តត្បូងឃ្មុំ បានសម្រេចចិត្តមកសុំរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមចំណែកកសាងសន្តិភាព និងការអភិវឌ្ឍក្រោមដំបូលសន្តិភាព ដោយពួកគេយល់ឃើញថា គណបក្សភ្លើងទៀននៅតែបន្តនយោបាយប្រជាភិថុតិ បំពុលសង្គម និងតែងតែធ្វើឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ។
អតីតអ្នកគាំគណបក្សភ្លើងទៀនទាំង២៧រូបនេះមានការសាទរជាខ្លាំងចំពោះការសាងសងគម្រោងព្រែកជីកហ្វូណន ដែលរាជរដ្ឋាភិបាលកំពុងតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីឱ្យប្រទេសមានការអភិវឌ្ឍ និងរីកចម្រើនទៅមុខ ប៉ុន្តែផ្ទុយទៅវិញទណ្ឌិត សម រង្សី បានបំផុសបំពុលសង្គមទៅលើការសាងសងព្រែកជីហ្វូណន ដើម្បីទាញយកផលប្រយោជន៍នយោបាយមិនគិតពីការអភិវឌ្ឍប្រទេសជាតិនោះទេ។
អតីតសកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀនបានលើកឡើងថា ការវិលមករួមជីវភាពនយោបាយរបស់ប្រជាពលរដ្ឋអតីតអ្នកគាំទ្រគណបក្សប្រឆាំង មានន័យថា មិនមែនមកចុះចូល ឬក្រោមការគៀបសង្កត់ពីនរណានោះទេ ពោលពួកគាត់បានមើលឃើញអំពីការដឹកនាំប្រទេសរបស់គណបក្សប្រជាជនដែលមានការអភិវឌ្ឍ ហើយបានធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញដែលធ្វើឱ្យអន្តរជាតិទទួលការរីកចម្រើនលើគ្រប់វិស័យ៕