(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី Milena Caridad Zaldivar ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា បានសន្យាពង្រឹងទំនាក់ទំនងតាមរយៈសកម្មភាពជាក់ស្តែងក្រោមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។

ក្នុងជំនួបកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ភាគីទាំងពីរ បានឯកភាពគ្នាផងដែរក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗដែលមានសក្តានុពល រួមទាំងកសិ-ពាណិជ្ជកម្ម ផលិតកម្មស្រូវ និងការវិនិយោគ។

លោកឧបនាយករដ្ឋមន្រ្ដី បានសម្តែងសេចក្ដីពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជានិងគុយបា​ ហើយលោកឧបនាយករដ្ឋមន្រ្ដី បានបង្ហាញការគាំទ្រយ៉ាងពេញលេញចំពោះ លោកស្រីឯកអគ្គរដ្ឋទូត Zaldivar ដើម្បីទទួលបានជោគជ័យក្នុងអាណត្តិការងារ។ បន្ថែមពីនេះ ឧបនាយករដ្ឋមន្រ្ដី សុខ ចិន្តាសោភា ក៏បានសម្តែងនូវសេចក្ដីថ្លែងអំណរគុណរបស់កម្ពុជាចំពោះជំនួយដ៏មានតម្លៃរបស់គុយបា ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០។

លោកស្រីឯកអគ្គរដ្ឋទូត Zaldivar បានរំលឹកអំពីចំណងមិត្តភាពដ៏រឹងមាំរវាងគុយបានិងកម្ពុជា និងរវាងថ្នាក់ដឹកនាំមុនៗនិងបច្ចុប្បន្ននៃប្រទេសទាំងពីរ ដោយបានធ្វើការកោតសរសើរចំពោះសមិទ្ធផល និងកំណើនសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជាក្រោមការដឹកនាំបច្ចុប្បន្ន ព្រមទាំងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសគុយបា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយកម្ពុជា ជាពិសេសលើវិស័យកសិកម្ម កីឡា សុខាភិបាល និងការផ្លាស់ប្តូរការអប់រំ។

លោកឧបនាយករដ្ឋមន្រ្ដី និងលោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងនូវការប្តេជ្ញាចិត្តក្នុងការធ្វើការងាររួមគ្នា ឆ្ពោះទៅរកការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងទ្វេភាគីដែលបានចុះហត្ថលេខា ក៏ដូចជាស្វែងរកឱកាសដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។

ភាគីទាំងពីរ បានគូសបញ្ជាក់អំពីទំនាក់ទំនងយូរអង្វែងរវាងកម្ពុជានិងគុយបា បានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដែលជាមរតករបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងលោក Fidel Castro និងដែលបានរីកចម្រើនទៅជាទំនាក់ទំនងដែលគ្រប់ដណ្តប់លើវិស័យជាច្រើន។

ជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីឱកាសក្នុងការជំរុញពាណិជ្ជកម្មនិងធុរកិច្ច តាមរយៈសកម្មភាពនានាដូចជាពិព័រណ៍ពាណិជ្ជកម្មនៅក្នុងប្រទេសនីមួយៗផងដែរ។ ភាគីទាំងពីរ បានសម្តែងក្តីសង្ឃឹមថា កិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣នាពេលខាងមុខ រវាងក្រសួងការបរទេសទាំងពីរនៅទីក្រុងឡាហាវ៉ាននៅខែចុងនេះ នឹងជាទីកន្លែងដ៏ប្រសើរសម្រាប់ពិភាក្សា និងដាក់ចេញនូវសកម្មភាពនានា ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងស្វែងរកវិស័យផ្សេងទៀតសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

លើសពីនេះទៅទៀត ភាគីទាំងពីរបានពិភាក្សាបន្ថែមអំពីកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន អង្គការសហប្រជាជាតិ និងវេទិកាអន្តរជាតិផ្សេងទៀត ដែលប្រទេសទាំងពីរធ្លាប់មានប្រវត្តិគាំទ្រគ្នាទៅវិញទៅមក ហើយនៅតែបេ្ដជ្ញាចិត្តបន្ដការគាំទ្រជាប្រពៃណីនេះតទៅទៀត៕