(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ នឹងបើកកិច្ចប្រជុំរៀបចំសមាសភាព គណៈកម្មការតស៊ូមតិមួយ នៅថ្ងៃសុក្រនេះ ដើម្បីទទួលខុសត្រូវលើគម្រោងមហាបាតុកម្មនៅថ្ងៃខាងមុខ។

ការបញ្ជាក់របស់ លោក អេង ឆៃអ៊ាង បានធ្វើឡើងនៅក្នុងវេទិកាស្តីពី «ការបោះឆ្នោត» រៀបចំធ្វើនៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ។

លោក អេង ឆៃអ៊ាង បានបញ្ជាក់ដូច្នេះថា «ថ្ងៃនេះគណៈកម្មការអច្រៃន្តិយ៍ គណបក្សសង្រ្គោះជាតិ នឹងបើកកិច្ចប្រជុំរៀបចំសមាសភាពទទួលខុសត្រូវទាក់ទងនឹង គណៈកម្មការតស៊ូមតិ ពីព្រោះយើងបានដឹង ហើយថា គណបក្សសង្រ្គោះជាតិយើងបានបង្កើត គណៈកម្មការតស៊ូមតិមួយតាំងពីមានបញ្ហានយោបាយតានតឹង»។

ទោះជាយ៉ាងណា គណបក្សសង្រ្គោះជាតិ មិនទាន់កំណត់ពេលដើម្បីធ្វើមហាបាតុកម្មនេះច្បាស់លាស់នៅឡើយទេ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះគណបក្សសង្រ្គោះជាតិ បានគំរាមថា ធ្វើមហាបាតុកម្មមួយនៅពេលខាងមុខនេះ ដើម្បីទាមទារឱ្យមានដំណោះស្រាយ និងមិនទទួលយកការសម្រេចរបស់តុលាការ បើសិនជាតុលាការនៅតែបន្តកាត់ទោសឱ្យ លោក កឹម សុខា ជាប់ពន្ធនាគារតទៅទៀតនោះ។

ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានហើយថា បាតុកម្មរបស់គណបក្សប្រឆាំងមិនអនុញ្ញាតជាដាច់ខាត។ សម្តេចបានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធត្រៀមខ្លួនទប់ទល់ និងកំចាត់មហាបាតុកម្មនោះផងដែរ បើទោះបីក្នុងតម្លៃណាក៏ដោយ៕