(សៀមរាប)៖ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសានញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ បាននិមន្តធ្វើការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាប្រាសាទគោកចក ដែលស្ថិតនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាបរាប ខេត្តសៀមរាប ជាការចូលរួមមួយដ៏សំខាន់ក្នុងកសាងធនធានមនុស្សនៅកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសីលធម៌ការអប់រំ ក្នុងវិស័យសង្គមព្រះពុទ្ធសាសនាដល់សិស្សានុសិស្សឱ្យកាន់តែទូលំទូលាយថែមទៀត។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានសង្ឃដីកាថា កម្មវិធីអប់រំសិលធម៌សង្គមបែបព្រះពុទ្ធសាសនានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យអប់រំ ពិសេសនៅតាមលាបឋមសិក្សា។ ព្រះគ្រូវិចិត្រវង្សាមានសង្ឃដីកាបន្តថា កម្មវិធីបង្រៀនសីលធម៌សង្គមតាមបែបព្រះពុទ្ធសាសនានេះ គឺចង់បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់លើអប់រំបែបព្រះពុទ្ធសាសនា មានការប្រកាន់ភ្ជាប់នូវគុណធម៌ សីលធម៌ និងវប្បធម៌របស់សង្គមខ្មែរ។
កម្មវិធីនេះគឺល្អណាស់សំរាប់អប់រំដល់សិស្សានុសិស្សឱ្យបានយល់ច្បាស់ពីតម្លៃនៃការអប់រំតាមបែបសង្គមព្រះពុទ្ធសាសនា ជាពិសេសយល់ពីតម្លៃនៃការដឹងគុណ គោរពបតិបត្តិចំពោះអ្នកមានគុណ តម្លៃនៃសាសនាដែលរួមចំណែកធំធេងក្នុងសង្គមខ្មែរ ដើម្បីជួយណែនាំដល់ក្មួយៗឲ្យយល់និងប្រព្រឹត្តអំពើល្អ មិនប្រើគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ប្រឹងប្រែងរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ មនុស្សល្អ សម្រាប់សង្គម និងប្រទេសជាតិផងដែរ។
ព្រះគ្រូវិចិត្រវង្សាមានសង្ឃដីកាទៀតថា បើយើងក្រឡែកមើលទៅលើបរិបទសង្គមនាពេលបច្ចុប្បន្ននេះ ការធ្លាក់ចុះនៃគុណតម្លៃសីលធម៌ គុណធម៌ បានកំពុងធ្វើឱ្យសិស្សមួយភាគធំក្លាយជាក្មេងទំនើង សេពគ្រឿងញៀន ល្បែង គេចពីសាលារៀន និងបង្កភាពអណាធិបតេយ្យនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់សង្គម និងបង្កការភ័យខ្លាចព្រួយបារម្ភពីប្រជាពលរដ្ឋ។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានសង្ឃដីកាបន្តថា កម្មវិធីអប់រំតាមបែបព្រះពុទ្ធសាសនានេះ គឺជាផ្នែកសំខាន់មួយដែលរួមចំណែកក្នុងការអប់រំផ្ដល់ចំណេះដឹងដល់សិស្សនៅតាមសាលារៀន ពិសេសការចែករំលែកតាមបែបសាសនា ផ្សារភ្ជាប់ជាមួយតថភាពសង្គមនាពេលបច្ចុប្បន្នផងដែរ។
ព្រះគ្រូវិចិត្រវង្សាមានសង្ឃដីកាបញ្ជាក់ថា ការបើកកម្មវិធីបង្រៀនសីលធម៌សង្គមតាមបែបព្រះពុទ្ធសាសនាដល់សិស្សានុសិស្ស គឺមានចំនួន២សាលាដែលនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ក្នុងនោះដែរសាលាបឋមសិក្សាប្រាសាទគោកចកក្នុង១ខែបង្រៀន៤ថ្ងៃនៅរៀងរាល់ថ្ងៃសុក្រ ទាំងពេលព្រឹក និងពេលល្ងាច។ ចំណែកសាលាបឋមសិក្សាមុខនាគ១ខែបង្រៀន៤ថ្ងៃនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ទាំងពេលព្រឹក និងពេលល្ងាចផងដែរ៕