(ស្វាយរៀង)៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានថ្លែងស្នើដល់សមាជិកក្រុមប្រឹក្សាស្រុករមាសហែកត្រូវលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
លោកអភិបាលរងខេត្តស្នើដូច្នេះក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែងសមាជិក សមាជិកាក្រុមប្រឹក្សាស្រុករមាសហែក អាណត្តិទី៤ ធ្វើឡើងនៅសលាស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។
លោក ហែម ពិសិដ្ឋ បានវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាស្រុករមាសហែក ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំគ្រាំទ្រផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុករមាសហែក អាណត្តិទី៤ នាពេលនេះ ដែលសរុបមានចំនួន២១នាក់ឲ្យចូលកាន់មុខដំណែងជាក្រុមប្រឹក្សាស្រុកសម្រាប់បន្តដឹកនាំ និងចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។
លោអភិបាលរងខេត្តបានបន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក គឺជាដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណងរួម ការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន។ ការផ្លាស់ប្តូររចនាសម្ពន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល រដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិ អំណាច និងមុខងារ ធនធានសមស្របដែលបានផ្ទេរឱ្យទៅរដ្ឋបាលក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងសេវាសង្គមនានាតាមមូលដ្ឋាន ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកបានផ្តាំផ្ញើដល់ប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សាស្រុករមាសហែកទាំងអស់ត្រូវរួមគ្នាសម្រេចបាននូវកិច្ចការចាំបាច់ ខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោកអភិបាលរងខេត្តស្វាយរៀងបានណែនាំដល់ក្រុមប្រឹក្សាស្រុករមាសហែកដែលទើបនឹងប្រកាសចូលកាន់តំណែងត្រូវខិតខំធ្វើការបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយតម្លាភាព គណនេយ្យភាព សមធម៌ មិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។
ជាមួយគ្នានេះ លោកអភិបាលរងខេត្តក៏បានជំរុញឲ្យអាជ្ញាធរស្រុករមាសហែក ក៏ដូចជាកងកម្លាំងទាំងអស់ត្រូវចូលរួមបង្ក្រាបទល្មើសគ្រឿងញៀន និងចូលរួមគោរពចរាចរណ៍ ជាពិសេសបង្ក្រាបរាល់បទល្មើសផ្សេងៗនៅមូលដ្ឋាន និងក្មេងទំនើងផងដែរ៕