(ព្រៃវែង)៖ មានការប្រទះឃើញគ្រាប់សេសសល់ពីសម័យសង្គ្រាមចំនួន៦៥១០គ្រាប់ ដែលកប់ដីនៅបរិវេណអង្គភាពសាលាដំបូងខេត្តព្រៃវែង ក្នុងនោះមានគ្រាប់ Ak47 ចំនួន៧៥០គ្រាប់ ប្រភេទគ្រាប់AR15 ចំនួន១៦៦០គ្រាប់ និងប្រភេទគ្រាប់ RPKចំនួន៤១០០គ្រាប់, នេះបើតាមសេចក្ដីរាយការណ៍ពីមន្ត្រីសាលាដំបូងខេត្តព្រៃវែង។
ក្រោយដឹងព័ត៌មាននេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ឯក អ៉ិត ហាន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយមន្ត្រីបច្ចេកទេសនៃអង្គការកំម្ចាត់មីន Halo Trust កម្ពុជា បានចុះត្រួតពិនិត្យនៅទីតាំងខាងលើនេះ។
បច្ចុប្បន្ន គ្រាប់ទាំងអស់ខាងលើត្រូវបានកម្លាំងនគរបាលជំនាញនាំយកទៅប្រគល់ជូនមន្ត្រីបច្ចេកទេសអង្គការកម្ចាត់មីន HaloTrust កម្ពុជា រួចរាល់៕