(ភ្នំពេញ)៖ លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឱ្យដឹងថា តម្លាភាពថវិកានៅកម្ពុជា ត្រូវបានវាយតម្លៃដោយស្ថាប័នអន្តរជាតិថា មានភាពល្អប្រសើរជាងមុនច្រើន តាមរយៈការកើនឡើងខ្ពស់នៃសន្ទស្សន៍ការអង្កេតលើការបើកចំហថវិកា (Open Budget Survey - OBS) យោងតាមរបាយការណ៍ដែលចេញផ្សាយ ដោយអង្គការភាពជាដៃគូថវិកាអន្តរជាតិ (International Budget Partnership - IBP) កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។
លោកបន្តថា សមិទ្ធផលដ៏វិសេសវិសាលនេះ នឹងជួយលើកស្ទួយមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជាជួយបង្កើនទំនុកចិត្តរបស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ឱ្យកាន់តែជឿជាក់លើប្រព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និងបង្កភាពងាយស្រួលដល់ការសម្រេចចិត្តនានា។
វឌ្ឍនភាពដ៏ល្អប្រសើរនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ និងរួមចំណែកក្នុងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិ។ និន្នាការល្អក្នុងការលើកកម្ពស់តម្លាភាពថវិកា បានរួមចំណែកដោយកត្តាជាច្រើន ដែលក្នុងនោះកត្តាចម្បងគឺការផ្សព្វផ្សាយឯកសារថវិកាបានទាន់ពេលវេលា ជាមួយនឹងការពង្រឹងគុណភាពនៃខ្លឹមសារឯកសារថវិកា ឱ្យមានភាពគ្រប់ជ្រុងជ្រោយជាងមុន។
ក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) កម្ពុជាបានចូលរួមការអង្កេតលើការបើកចំហថវិកា ដែលរៀបចំដោយអង្គការភាពជាដៃគូថវិកាអន្តរជាតិ និងប្រព្រឹត្តទៅជារៀងរាល់ ២ឆ្នាំម្តង ចាប់ពីឆ្នាំ២០០៨មក។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា រយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ កម្ពុជាមានវឌ្ឍនភាពល្អ ក្នុងការរៀបចំ និងផ្សព្វផ្សាយឯកសារថវិកាសំខាន់ៗ ដោយបានផ្លាស់ប្តូរពីការរៀបចំយឺតយ៉ាវ មករៀបចំបានទាន់ពេលវេលា, ពីមិនបានផ្សព្វផ្សាយសម្រាប់ឯកសារមួយចំនួន មកផ្សព្វផ្សាយជាសាធារណៈ។
ជាក់ស្តែង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ផ្តើមផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ នៅលើគេហទំព័ររបស់ក្រសួងជាលើកដំបូង ដែលកន្លងមកក្រសួងធ្លាប់បានផ្សព្វផ្សាយត្រឹមតែខ្លឹមសារសង្ខេបប្រតិបត្តិ នៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុប៉ុណ្ណោះ៕