(វ៉ាស៊ីតោន)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់អន្តរជាតិថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់ស៊ី ជម្រៅក្នុងវិស័យបរិស្ថាន ដើម្បីលើក កម្ពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ដែលរួមចំណែកយ៉ាងសំខាន់ ដល់ការធានាសុវត្ថិភាពសមុទ្រ និងតំបន់ឆ្នេរ។
លោកបានបន្តថា «ជាក់ស្តែង រាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជា០១ នៅខែឧសភា ឆ្នាំ២០១២ ការត្រួតពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច ការបង្រ្កាបបទល្មើស ព្រៃឈើ ការកែសម្រួលតួនាទីភារកិច្ច ពាក់ព័ន្ធនឹងការងារអភិរក្សនិងអភិវឌ្ឍន៍ ការបង្កើតឧទ្យានសមុទ្រនិងតំបន់ការពារថ្មីៗនៅតាមតំបន់ឆ្នេរ ការពង្រឹងសមត្ថភាពស្ថាប័ន ការរៀបចំក្រមបរិស្ថានការរៀបចំ យុទ្ធសាស្ត្រនិងផែនការសកម្មភាពបរិស្ថានជាតិ ការផ្ទេរមុខងារគ្រប់គ្រងបរិស្ថាន ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ការចូលជាសមាជិកនៃមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន និងពិធីសារណាហ្គោយ៉ាការកែលម្អ ប្រព័ន្ធចុះបញ្ជីនាវា និងការរៀបចំផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ»។
លោក សាយ សំអាល់ បានបញ្ជាក់បែបនេះ ខណៈលោកចូលរួមថ្លែងសុន្ទរកថានៅក្នុងសន្និសីទ «មហាសមុទ្រយើងលើកទី៣» ដែលបានប្រព្រឹត្ត ទៅនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងវ៉ាស៊ីតោន សហរដ្ឋអាមេរិក។
ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានអំពាវនាវឱ្យប្រទេសទាំងអស់ នៅក្នុងពិភពលោកបង្កើនការប្តេជ្ញាចិត្តបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលទាំងនេះ តាមរយៈការពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្តល់ហិរញ្ញប្បទាន និងការផ្ទេរបច្ចេកវិទ្យាដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ការបង្កើតយន្តការរួមគ្នាដើម្បីតាមដានការអនុវត្តច្បាប់ និងវឌ្ឍនភាពការងារ។
គួរបញ្ជាក់ថា សន្និសីទនេះមានអ្នកចូលរួមប្រមាណ៥០០ នាក់មកពីបណ្តាប្រទេសទូទាំងពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធ ហើយបានទទួលការស្វាគមន៍ពីលោក John Kerry រដ្ឋមន្ត្រីក្រសួង ការបរទេសសហរដ្ឋអាមេរិក និងការថ្លែងសុន្ទរកថាគន្លឹះរបស់លោក Barack Obama ប្រធានាធិបតីសហរដ្ឋអាមេរិក ព្រមទាំងបទអន្តរាគមន៍ និងបទបង្ហាញសំខាន់ៗ ពីតំណាងប្រទេស និងអង្គការក៏ ដូចជា សកម្មជនបរិស្ថានជាច្រើនរូបទៀត។
នៅវេលាថ្ងៃត្រង់នេះដែរ លោក រដ្ឋមន្ត្រី និងសមាជិកគណៈប្រតិភូ ក៏បានចូលរួមពិសារអាហារថ្ងៃត្រង់ នៅទីស្នាក់ការកណ្តាលរបស់អង្គការអភិរក្សអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ស្ថាប័នរដ្ឋាភិបាលសហរដ្ឋអាមេរិក និងអង្គការពាក់ព័ន្ធនានាផងដែរ៕