(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ សកម្មជនដ៏សកម្មរបស់គណបក្សភ្លើងទៀន នៅស្រុកមេមត់ នៃខេត្តត្បូងឃ្មុំ ចំនួន៣៦នាក់ បានសម្រេចមកចូលរួមជាមួយបក្សប្រជាជនកម្ពុជា និងបានលើកឡើងថា ហេតុផលដែលនាំឱ្យពួកគេសម្រេចចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារបានមើលឃើញយ៉ាងច្បាស់ពីភាពកម្សោយការដឹកនាំរបស់បុគ្គល សម រង្ស៊ី ដែលមានចេតនាមិនច្បាស់លាស់ក្នុងការកសាងប្រទេសជាតិ ដូចជា បក្ខពួកនិយម ផ្តាច់ការ គ្មានការទំនួលខុសត្រូវ ដោយតែងតែរត់យករួចខ្លួនទៅក្រៅប្រទេស និងមិនខ្វលពីសមាជិកគណបក្សនោះទេ។

ទង្វើបុគ្គល សម រង្ស៊ី តែងតែបង្កភាពចលាចលក្នុងសង្គម ធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច និងបាត់បង់សន្តិភាពក្នុងប្រទេសតែប៉ុណ្ណោះ។ បន្ថែមពីនោះ ពួកគេបានយល់ឃើញថា គណបក្សភ្លើងទៀននៅតែបន្តនយោបាយប្រជាភិថុតិ ដែលជាសំណល់មកពីអតីតគណបក្ស សម រង្ស៊ី ហើយគ្មានគោលនយោបាយល្អណាមួយក្នុងការធ្វើឱ្យចម្រើនដល់សង្គមជាតិនោះឡើយ។

លើសពីនេះទៀត អតីតអ្នកគាំទ្រគណបក្សភ្លើងទៀនបានយល់ និងទទួលស្គាល់ពីគុណតម្លៃ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំកសាង និងអភិវឌ្ឍទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ ពិសេសយល់ព្រមរួមរស់ និងគាំទ្រគណបក្សប្រជាជនកម្ពុជាចាប់ពេលនេះតទៅ៕