(ត្បូងឃ្មុំ)៖ នៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្មអ៊ិច១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជា អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទឧទ្ទេសនាមស្តីពីដំណើឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដល់ប្រតិភូមួយចំនួន។
ប្រតិភូរួមមាន៖ នាយនាយទាហាន នាយទាហានរង ពលទាហាននៃកងរាជអាវុធហត្ថមកពីខេត្តកំពង់ធំ, សៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ, ពោធិ៍សាត់, ប៉ៃលិន, បន្ទាយមានជ័យ និងតំណាងក្រសួង មន្ទីរ ស្ថាប័ណ្ណនានា ក្នុងនោះផងដែរ ប្រតិភូក៏បានអញ្ជើញគោរពវិញ្ញាក្ខន្ធ និងចងចាំនូវឧបការគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា និង បុព្វបុរសដែលពលី មរណៈ ដើម្បីរំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ឱ្យរួចផុតពីការធ្វើទារុណកម្ម ការកាប់សម្លាប់យ៉ាងសាហាវ យង់ឃ្នងពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យុទ្ធមិត្តរបស់លោក ទាំងពេលនៅមានជីវិត បានជួយដោះស្រាយទុក្ខលំបាក ហើយពេលពលីមរណៈ ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយធ្វើមាតុភូមិនិវត្តន៍នូវសពយុទ្ធជនកងកម្លាំង ប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន៤៩រូប ដែលបានពលីនៅពេលធ្វើការតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មកប្រទេសកំណើតវិញតាមប្រពៃណី សាសនា ពិធីការកងទ័ព និងពិធីការរដ្ឋយ៉ាងអធិកក្រៃលែង៕