(កំពង់ចាម)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងឆន្ទៈមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត ដែលត្រូវដោះស្រាយចំពោះមុខ ដើម្បីកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនឱ្យអស់ពីកម្ពុជា។
លោក ហោ សារុន បានបន្ថែមថា រាជរដ្ឋាភិបាលបានបញ្ចូលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីធានាឱ្យ បាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសុខមាលភាពរបស់ប្រជាជន។
លោក ហោ សារុន បានថ្លែងយ៉ាងដូចនេះ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះនាឱកាស តំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បើកសិក្ខាសាលាផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនក្នុងវិស័យទេសចរណ៍ ខេត្តកំពង់ចាម ដោយមានការចូលរួមពីលោក មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម និងគណៈប្រតិភូក្រសួងទេសចរណ៍ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោក ហោ សារុន បានបន្ថែមថា សិក្ខាសាលានេះជាសញ្ញាណថ្មីមួយទៀតបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមលុបបំបាត់គ្រឿងញៀនក្នុងវិស័យទេសចរណ៍ ដែលនេះទាមទារឱ្យមានការចូលរួមពីគ្រប់វិស័យគ្រប់ផ្នែក និងគ្រប់ស្រទាប់ទាំងអស់។
លោក បានបញ្ជាក់ទៀតថា និន្នាការនៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងក្របខណ្ឌអន្តរជាតិ តំបន់ និងអនុតំបន់នៅតែបន្តគំរាមកំហែង និងជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា និងបានបង្កផលប៉ះពាល់ដល់សុខភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងនាំឱ្យមានក្តីកង្វល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសង្គមជាតិទាំងមូលនិយាយរួម ដោយឡែកក្នុងវិស័យទេសចរណ៍ យើងសង្កេតឃើញក្រុមឧក្រិដ្ឋជន ឈ្មួញជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀនមួយចំនួនបានយក ផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកម្សាន្ត KTV និងរមណីយដ្ឋានមួយចំនួនជាកន្លែងរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលសមត្ថកិច្ចបង្រ្កាបបានជាបន្តបន្ទាប់។
បញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលតម្រូវឱ្យមានការចូលរួមដោះស្រាយទាំងអស់គ្នា និងដើម្បីឆ្លើយតបជាមួយរាជរដ្ឋាភិបាលដែលមានឆន្ទៈមុតស្រួចក្នុងការលុបបំបាត់គ្រឿងញៀនឱ្យអស់ពីប្រទេសកម្ពុជា ក្នុងនាមលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហោ សារុន ក៏បានធ្វើការណែនាំអង្គសិក្ខាសាលាដូចជា៖
ទី១៖ សូមចូលរួមទាំងអស់គ្នាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ឱ្យបានយ៉ាងសកម្ម
ទី២៖ សូមចូលរួមអនុវត្តបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ
ទី៣៖ អនុវត្តវិធានការដ្ឋបាល ចំពោះអាជីវកម្មណាអនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ស្តីពី ទេសចរណ៍ និងច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន
ទី៤៖ សូមទាញយកកម្មវិធីទូរស័ព្ទដៃដែលមានឈ្មោះ NoDrug មកដើម្បីងាយស្រួលក្នុងការរាយការណ៍ និងទទួលបានព័ត៌មានពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន
ទី៥៖ សូមបន្តអនុវត្តតាមទិសស្លោក «៣មិន ១រាយការណ៍» គឺមិនពាក់ព័ន្ធ មិនបន្ធូរបន្ថយ មិនអន្តរាគមន៍ និងរាយការណ៍ជូនដល់សមត្ថកិច្ចនៅពេលឃើញរាល់សកម្មភាពគ្រឿងញៀន
ទី៦៖ ត្រូវបញ្ជូនបងប្អូន កូនចៅ និងបុគ្គលិកដែលញៀនថ្នាំទៅទទួលយកសេវាព្យាបាល ដោយឥតគិតថ្លៃនៅតាមមណ្ឌលសុខភាព
ទី៧៖ ហាមយកមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍របស់ខ្លួនធ្វើជាទីតាំងសម្រាប់ការជួញដូរ ការលក់ ចែកចាយគ្រឿងញៀន ជាដាច់ខាត៕