(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានស្រាវជ្រាវបង្រ្កាប ផលិតផលសាច់បង្កកគ្មានសុវត្ថិភាពផ្នែកចំណីអាហារបង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ ដែលនាំចូលពីប្រទេសជិតខាងខុសច្បាប់ខណៈដែលឈ្មួញដឹកតាមរថយន្តម៉ាកស្តារិក០១គ្រឿង យកមកបោះលក់ចែកចាយឱ្យអាជីវករ លក់សាច់គោនៅក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រាប់ឱ្យដឹងថា សាច់បង្កកទាំងនោះសរុប២២០០គីឡូក្រាមរួមមាន៖ សាច់គោ សាច់ក្របី និងសាច់ឆ្អឹងជំនីរ។
សាច់បង្កទាំងនេះ មន្រ្តីជំនាញពិនិត្យគឺការនាំចូលគ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាស់ និងមិនអនុលោមតាមលក្ខខណ្ឌតម្រូវម្ហូបអាហារ។ សាច់បង្កកខាងលើនៅថ្ងៃដដែលកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានប្រគល់ឱ្យមន្រ្តី (កបប) រាជធានីភ្នំពេញ ដើម្បីយកទៅដុតកម្ទេចចោល ចំណែកអ្នកបើករថយន្តដឹកសាច់បង្កក ត្រូវបានមន្រ្តីជំនាញ (ក.ប.ប) នាំយកទៅសូរនាំតាមនីតិវិធី៕