(ហាណូយ)៖ គំរោងថ្មីមួយរបស់ប្រទេសវៀតណាម ក្នុងការបង្កើតភ្លៀងសិប្បនិម្មិត នឹងធ្វើការសាកល្បង នៅភាគកណ្តាលប្រទេសវៀតណាមនៅខែតុលាខាងមុខនេះ ហើយនឹងចំណាយថវិកាប្រមាណ ៥,០០០ពាន់លានដុង (២២៥លានដុល្លារអាមេរិក)។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៦។

សារព័ត៌មានវៀតណាម Tien Phong បានរាយការណ៍នៅថ្ងៃសុក្រនេះទៀតថា ថវិកាដែលនឹងត្រូវ ចំណាយក្នុងគំរោងមួយនេះ ត្រូវបានស្នើដោយក្រុមហ៊ុនវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា An Sinh Xang ទៅរដ្ឋាភិបាលវៀតណាម ដើម្បីទិញនាវានិងយន្តហោះ ដែលអាចបម្រើក្នុងប្រតិបត្តិការ បង្កើតភ្លៀងសិប្បនិម្មិតទប់ទល់នឹងបញ្ហាគ្រោះរាំងស្ងួត ឬក៏បង្កាមិនឲ្យមានទឹកជំនន់បាន។

នាយកប្រតិបត្តិទូទៅរបស់ក្រុមហ៊ុនខាងលើលោក Phan Dinh Phuong បានឲ្យដឹងថា នាវាដែលនឹងត្រូវ ទិញមកនោះ នឹងត្រូវប្រើប្រាស់សម្រាប់បូមទឹកសមុទ្រចូលទៅកាន់បំពង់ទឹក ហើយយកទៅកាន់ រយៈកម្ពស់ប្រាំគីឡូម៉ែត្រ ដើម្បីភ្ជាប់ទៅនឹងឧទ្ធម្ភាគចក្រឬបាឡុង។ បន្ទាប់មកទៀតបំពង់នោះ នឹងបំភាយទឹកសមុទ្រដែលបូមបានទៅក្នុងផ្ទៃមេឃ ដែលមានពពកច្រើននៅលើផ្ទៃសមុទ្រ។

លទ្ធផលជាបន្តទៀតនោះ គឺពពកខ្មៅក្រាស់នឹងបង្កើតបានជាទឹកភ្លៀងធ្លាក់ច្រើននៅតំបន់សមុទ្រ ដែលប្រការនេះនឹងមិនបង្កឲ្យមានគ្រោះទឹកជំនន់នៅទីប្រជុំជនឡើយ។  លោក Phuong បានបន្ថែមទៀតថា ស្ថានីយ៍បង្កើតភ្លៀងសិប្បនិម្មិត នឹងត្រូវកសាងឲ្យបាន ជាង១០០កន្លែងដោយអមជាមួយនាវានិងយន្តហោះ ដែលនឹងត្រូវដាក់ពង្រាយនៅតាមឈូងសមុទ្រ Beibu ភាគខាងជើងប្រទេសវៀតណាមផងដែរ។

គួរបញ្ជាក់ដែរថាក្រសួងនិងស្ថាប័នពាក់ព័ន្ធនានា នឹងធ្វើការពិភាក្សា លើការអនុវត្តន៍ការសាកល្បង នៃគំរោងបង្កើតភ្លៀងសិប្បនិម្មិតនេះ នៅក្រុងដាណាងក្នុងខែតុលាខាងមុខ៕