(ព្រះវិហារ)៖ តុលាការខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន ក្រុមក្មេងទំនើងចំនួន១២នាក់ ដែលកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនបាន ក្រោយក្រុមក្មេងទំនើងទាំងនេះជិះម៉ូតូដេញវាយកាប់គ្នាតាមផ្លូវ នៅស្រុករវៀង។
ក្មេងទំនើងទាំង១២នាក់នេះ ត្រូវបានលោក ផេង កុសល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ សម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ក្រោមបទចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើអាវុធ» ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១០៖៣០នាទីយប់ ស្ថិតនៅចំណុចអនុវិទ្យាល័យរស្មីរីករាយ ឃុំរីករាយ ស្រុករវៀង តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
ជាមួយគ្នានេះ តុលាការក៏បានបង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈនាំខ្លួនជនត្រូវចោទទៅដាក់ពន្ធនាគារ ឫមណ្ឌលឃុំខ្លួនខេត្តព្រះវិហារ ឃុំខ្លួនជនទាំងនេះរហូតមានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ៕