(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចពិនិត្យសំណើគម្រោងអាទិភាពរបស់ខេត្ត ក្រុង ស្រុក អនុវត្តក្នុងឆ្នាំ២០២៤ ដើម្បីអភិវឌ្ឍននៅក្នុងមូលដ្ឋាន។
លោក ងួន រតនៈ អនុញ្ញាតឲ្យមន្ទីរជំនាញពាក់ព័ន្ធ និងក្រុងស្រុកលើកឡើងអំពីបញ្ជីគម្រោងដោយបញ្ជាក់ទីតាំង ទំហំ និងថវិកាគាំទ្រឲ្យបានច្បាស់ និងធ្វើការពិនិត្យផ្ទៀងផ្ទាក់បញ្ជីគម្រោង និងចែករំលែកបញ្ជីគម្រោងដែលយើងនឹងត្រូវធ្វើការអនុវត្ត នាពេលខាងមុខនេះ។
លោកជំរុញដល់មន្ទីរជំនាញក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធនានាពិនិត្យពិចារណាលើគម្រោងដែលជាតម្រូវការ ដើម្បីពន្លឿននៃការធ្វើគម្រោងអាទិភាពនៅក្នុងមូលដ្ឋានឱ្យមានភាពប្រសើរឡើង។
លោក ងួន រតនៈ បញ្ជាក់បន្ថែមថា កិច្ចប្រជុំថ្ងៃនេះគឺជាទិន្នន័យគោលជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍនហេដ្ឋារចនាសម្ពន្ធខេត្តកំពង់ធំក្នុងឆ្នាំ២០២៤នេះ ដើម្បីជាប្រយោជន៍ក្នុងការប្រើប្រាស់លើកិច្ចអភិវឌ្ឍនឱ្យចំគោលដៅអាចសម្រេចគោលបំណង និងចក្ខុវិស័យរបស់ខេត្ត ស្របទៅតាមតម្រូវការជាមូលដ្ឋានអាទិភាពជាក់ស្តែងរបស់ប្រជាជនទូទាំងខេត្ត សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋផងដែរ៕