(ព្រះសីហនុ)៖ លោក ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ បានឱ្យដឹងថា គិតត្រឹមថ្ងៃពេលនេះខេត្តចំនួន៧ សម្រេចបានជាខេត្ត បញ្ចប់ការបន្ទោរបង់ពាស់វាលពាស់កាល (ODF) ពោលប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់មកប្រើប្រាស់បង្គន់ត្រឹមត្រូវ និងការរស់នៅតាមរបៀបស៊ីវីល័យ។

លោក ឆាយ ឬទ្ធិសែន លើកឡើងបែបនេះនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងកម្មពិធីអបអរសាទរខេត្តព្រះសីហនុ ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មានការចូលរួមពីលោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃក្រសួងអភិវឌ្ឍជនបទ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ-អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការសមាគម មេឃុំ ចៅសង្កាត់ យុវជន និងប្រជាពលរដ្ឋ នៅបរិវេណ ៧មករា។

លោក ឆាយ ឬទ្ធិសែន បានឲ្យដឹងថា ខេត្តដែលទទួលបានរួមមាន ស្វាយរៀង ព្រៃវែង ខេត្តកណ្តាល កំពង់ស្ពី កំពង់ឆ្នាំង កែប និងខេត្តព្រះសីហនុនេះ ជាខេត្តទី៧ ដែលសម្រេចបាននៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដោយជោគជ័យ។ ការកែលម្អលក្ខខណ្ឌការរស់នៅតាមរយៈការលើកកម្ពស់ ការផ្តល់សេវាទឹកស្អាត និងអនាម័យ បានធ្វើឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់ពីការផឹកទឹកមិនមានសុវត្ថិភាព មកផឹកទឹកស្អាតមានអនាម័យ ជួយទ្រទ្រង់ដល់សុខភាពការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងការរស់នៅតាមរបៀបស៊ីវីល័យ។

លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពឈ្លាសវៃ ម៉ត់ចត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសការអនុវត្តនូវកម្មវិធីនយោបាយជាអាទិភាពសំខាន់ៗ និងវិធានការគន្លឹះក្នុងការកែទម្រង់ជាក់ស្ដែងនានា ដែលត្រូវបានដាក់ចេញឱ្យអនុវត្តជាបន្តបន្ទាប់ សម្រេចបានលទ្ធផលផ្លែផ្កាជាអតិបរមា។

រាជរដ្ឋាភិបាល បានកំពុងយកចិត្តទុកដាក់ខ្ពស់លើ បរិស្ថានរូបវន្ត និងធម្មជាតិប្រកបដោយសុខដុមភាព ភាពធន់ បរិយាបន្ន និងតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅប្រកបដោយផាសុកភាព រដ្ឋផ្ដល់សារៈសំខាន់ចំពោះសន្តិសុខថាមពលការរៀបចំប្រព័ន្ធទឹកស្អាត និងប្រព័ន្ធគ្រប់គ្រងកាកសំណល់គ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព ជាពិសេសបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទឱ្យសម្រេចអត្រាគ្របដណ្តប់៩០ភាគរយ នៅឆ្នាំ២០២៣ និង១០០ភាគរយនៅឆ្នាំ២០៣០ សំដៅឆ្លើយទៅនឹងការប្រែប្រួលអាកាសធាតុ បញ្ហាប្រឈមក្នុងតំបន់ និងវិសមភាពនៃការទទួលបានសេវា។

ក្នុងឱកាសនោះ លោក គួច ចំរើន មានប្រសាសន៍ថា ការទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ស្របពេលដែលប្រជាជនកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេសកំពុងប្រកាសគាំទ្រយ៉ាងពេញទំហឹងលើគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តដំបូងក្នុងវិស័យដឹក ជញ្ជូនផ្លូវទឹកកម្ពុជា ដែលការណ៍នេះបង្ហាញឱ្យឃើញពី «ការពង្រឹងឯករាជ្យនយោបាយដឹកជញ្ជូនកម្ពុជា»។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាមូលដ្ឋានគ្រឹះកសាងសេដ្ឋកិច្ចជាតិឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកបានគូសបញ្ជាក់ថា ជ័យលាភីថ្ងៃនេះគឺកើតឡើងពីការយកចិត្តទុកដាក់និងការខិតខំប្រឹងប្រែងយ៉ាងសកម្ម សាមគ្គីភាព ការតាំងចិត្ត បេ្តជ្ញាចិត្ត រួមគ្នា របស់អាជ្ញាធរមូលដ្ឋាន ដោយសហការគ្នាយ៉ាងជិតស្និទ្ធពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ក្នុងបេសកកម្មការងារលើកកម្ពស់អនាម័យជនបទនាពេលកន្លងមក។ ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីកម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការប្រតិបត្តិអនាម័យ៕