(ឧត្ដរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងព្រមានដល់បុគ្គលទាំងឡាយណា ដែលទន្ទ្រានកាន់កាប់ដីរដ្ឋ ក្នុងតំបន់អភិរក្សព្រៃឈើដោយខុសច្បាប់ សូមដកខ្លួនចេញជាបន្ទាន់ ព្រោះគុគធ្វើឡើងសម្រាប់ដាក់អ្នកដែលប្រព្រឹត្តខុសច្បាប់។

ការថ្លែងព្រមានរបស់លោកអភិបាលខេត្តឧត្តរមានជ័យ ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ទប់ស្កាត់ រុករកក្រុមទុច្ចរិត សម្ងំលាក់ខ្លួន ទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ក្នុងតំបន់អភិរក្សព្រៃឈើ ក្នុងភូមិសាស្ត្រឧត្តរមានជ័យ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្ត និងលោកអភិបាលក្រុង ស្រុក ទាំង៥។

កិច្ចប្រជុំនាឱកាសនេះដែរលោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងណែនាំបន្ថែមដល់កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរអង្គភាព ពាក់ព័ន្ធ ពិសេសអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់តាមដានជាប្រចាំ នៅតាមមូលដ្ឋានរបស់ខ្លួន បើដឹងថាមានបុគ្គលកំពុងរុករានរំលោភកាន់កាប់យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធដោយខុសច្បាប់ ទោះឋានៈបុណ្យសក្កិប៉ុណ្ណាក៏ដោយ ត្រូវរាយការណ៍ជាបន្ទាន់ លោកនឹងដឹកនាំកម្លាំងចុះអនុវត្តភ្លាមដោយគ្មានការលើកលែងជាដាច់ខាត។

ជាមួយគ្នានេះដែរលោក ប៉ែន កុសល្យ ក៏បានថ្លែងសង្កត់ធ្ងន់ថា ចំពោះបុគ្គលណាដែលបានដឹងខ្លួនថាខ្លួនកំពង់ពាក់ព័ន្ធក្នុងករណីទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ក្នុងតំបន់អភិរក្សព្រៃឈើ ក្នុងភូមិសាស្ត្រឧត្តរមានជ័យ ត្រូវដកខ្លួនចេញជាបន្ទាន់ ព្រោះគុកធ្វើឡើងសម្រាប់ដាក់អ្នកដែលប្រព្រឹត្តខុសច្បាប់៕