(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើថា កិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសង្គ្រោះប្រជាពលរដ្ឋ និងការពារភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រមទាំងវិនិយោគិនដែលរស់នៅប្រកបមុខរបរក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងធ្វើការបង្ក្រាបបទល្មើសនៅក្នុងលម្ហរសមុទ្រ គឺជាកាតាព្វកិច្ចរបស់កងកម្លាំង និងសមត្ថកិច្ច។

លោក គួច ចំរើន ថ្លែងបែបនេះនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាលការពារព្រំដែនទឹក និងអង្គភាពលម្ហរសមុទ្រ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរ អង្គភាព នៅស្នាក់ការនគរបាលការពារព្រំដែនទឹកលេខ២៤០ កោះព្រាប ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

នាឱកាសនោះដែរលោក គួច ចំរើន បានណែនាំ ៣ចំណុចបន្ថែមទៀតដូចជា៖

*ទី១៖ កងកម្លាំងនគរបាលការពារព្រំដែនទឹក មានកិច្ចការទទួលការខុសត្រូវនៅលើដី និងលម្ហរសមុទ្រក្នុងខេត្តចំនួន៤ រួមមាន ខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប ជាកិច្ចការសំខាន់ក្នុងការការពារអធិតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសង្គ្រោះប្រជាពលរដ្ឋ និងការពារភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រមទាំងវិនិយោគិនដែលរស់នៅប្រកបមុខរបរក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងធ្វើការបង្ក្រាបបទល្មើសនៅក្នុងលម្ហរសមុទ្រ។

*ទី២៖ នៅលើសមុទ្រធ្លាប់មានការនេសាទខុសច្បាប់ ហើយកន្លងមកបានធ្វើកិច្ចការបបង្ក្រាបជាច្រើន ដោយយកចិត្តទុកដាក់ក្នុងការអប់រំ ណែនាំឱ្យចូលរួមគោរពទៅតាមគោលការច្បាប់ នៃការធ្វើនេសាទ និងលើកទឹកចិត្តប្រជាពលរដ្ឋធ្វើនេសាទទទួលបានទិន្នផលខ្ពស់ ចិញ្ចឹមជីវិតរបស់ពួកគាត់ផងដែរ ព្រោះការងារនេសាទ គឺជាការងារមួយសំខាន់សម្រាប់ចំណូលថវិកាជាតិ ជាចំណូលសំខាន់បានមកពីធនធានធម្មជាតិរបស់យើង ប៉ុន្តែយើងត្រូវរួមគ្នាថែរក្សាធនធានធម្មជាតិនៅក្នុងបាតសមុទ្រផងដែរ។ នាពេលកន្លងមកក៏មានកាត្វកិច្ចក្នុងការការទប់ស្កាត់ការនេសាទខុសច្បាប់ពីជនបរទេស និងបានឃាត់ចាប់ទូកប្រមូលផលនេសាទ ដែលបានមកប្រព្រឹត្តបទល្មើសនៅក្នុងដែនទឹកកម្ពុជា។

*ទី៣៖ ទាក់ទងនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន សូមឱ្យបន្តការយកចិត្តទុកដាក់ និងការជួយសង្គ្រោះ ព្រោះវាជាកាត្វកិច្ចរបស់កងកម្លាំង កន្លងមកយើងបានជួយសង្គ្រោះភាគច្រើនជនបរទេសដែលធ្វើដំណើរចូលមកដែនទឹកកម្ពុជា នៅពេលមានគ្រោះថ្នាក់ សូមកុំទាន់គិតពីរឿងច្បាប់ទម្លាប់ គិតពីការជួយសង្គ្រោះអាយុជីវិតមនុស្សជាមុនសិន បន្ទាប់មកយើងពិនិត្យពីផ្លូវច្បាប់ បន្តចាត់នីតិវិធីតាមផ្លូវច្បាប់ ហើយអ្វីជារឿងសំខាន់ គឺការជួយសង្គ្រោះអាយុជីវិតមនុស្សជាមុនសិន មិនថាប្រជានេសាទ ឬជនបរទេសនោះទេ ដោយមិនមានការបែងចែកក្នុងការជួយសង្គ្រោះជនរងគ្រោះក្នុងសមុទ្រ ជាការងារមនុស្សធម៌មួយ។

ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក គួច ចំរើន ក៏កោតសរសើរចំពោះកងកម្លាំងគ្រប់ថ្នាក់ដែលបានខិតខំបំពេញការងារមានប្រសិទ្ធិភាព ប្រសិទ្ធិផល សុំឱ្យមានការទទួលខុសត្រូវបន្ថែមទៀតក្នុងកិច្ចការនេះទាំងអស់គ្នា។

ក្នុងឱកាសនោះអភិបាលខេត្ត បាននាំយកអំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រចំនួន ២៤៩នាក់ និងកងកម្លាំងលម្ហរសមុទ្រ ៨១នាក់ ក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀល និងជូនអង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ១០លានរៀល និងអង្គភាពលម្ហរសមុទ្រ ៥លានរៀលទុកប្រើប្រាស់ក្នុងអង្គភាព និងជូនថវិកា ៣ម៉ឺនដុល្លា ដើម្បីសាងសង់អគារស្នាក់ការលើកោះព្រីងផងដែរ៕