(ស្ទឹងត្រែង)៖ លោក ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង តំណាងឱ្យអភិភិបាលខេត្ត នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរដ្ឋបាល ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាល ទំហំផ្លូវ អូរ និងប្រឡាយ ក្នុងតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិវាលខ្សាច់ ឃុំថាឡាបរីវ៉ាត់ ភូមិ រំដេង ឃុំចំការលើ នៃស្រុកថាឡាបរិវ៉ាត់ និង ភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី លោកអភិបាលស្រុកទាំង២ និង លោក លោកស្រីប្រធានមន្ទីរជំនាញ និងតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក និងមន្ត្រីការិយាល័យភូមិបាលក្រុង ស្រុក។

ក្នុងកិច្ចប្រជុំនោះដែរ លោក ប៉ែន លីណាត បានបញ្ជាក់ថា ក្នុងកិច្ចការងារនេះរដ្ឋបាលខេត្ត និងមន្ទីរជំនាញបានកសាងនូវផែនទី ៣ប្រភេទ គឺផែនទីព្រំប្រទល់ ផែនទីហេដ្ឋារចនាសម្ព័ន្ធ ផែនទីប្រើប្រាស់ដីធី្ល ដោយត្រូវបានកំណត់ច្បាស់លាស់នូវទីប្រជុំជន ជាតំបន់លំនៅដ្ឋាន និងជម្រកព្រៃឈើ ដើមី្បលើកនូវផែនការអភិវឌ្ឍន៍មូលដ្ឋាន។

លោកបានសំណូមពរដល់មន្ទីរពាក់ព័ន្ធទាំងអស់សូមជួយធ្វើការសម្របសម្រួល និងផ្តល់ទិន្នន័យបែបបច្ចេកទេសក្នុងការពន្លឿន លើការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធនេះ បានដំណើការទៅដោយរលូនផងដែរ។

លោកបានបន្តទៀតថា ដើមី្បជៀសវាងនូវភាពយឺតយ៉ាវក្នុងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ក្នុងពេលចុះធ្វើការវាស់វែង ចាំបាច់ត្រូវមានមន្ទីរពាក់ព័ន្ធចូលរួមដោយតំបន់មួយចំនួននឹងប៉ះពាល់ទីបុរាណដ្ឋាន ស្ទឹង បឹង អូរ ប្រឡាយជាដើម។

ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក និងការិយាល័យភូមិបាល ក្នុងពេលធ្វើប្លង់គោលត្រូវកំណត់ឲ្យបានច្បាស់នៅលើផែនទី ភូមិសាស្ត្រនៃមូលដ្ឋានខ្លួន ដោយកំណត់ពីទំហំផ្លូវ ថ្នល់ អូរ ប្រឡាយ  ដែលឃុំ ស្រុករៀបចំទុកជាមុន។ ដើមី្បឲ្យកិច្ចដំណើការចុះបញ្ជីដីធ្លីបានលឿន លោកក៏បានក្រើនរំលឹកដល់មន្ទីរជំនាញ និងមន្ទីរពាក់ព័ន្ធ ក៏ដូចអាជ្ញាធរមូលដ្ឋានក្នុងការគ្រប់គ្រងឲ្យបាននូវហេដ្ឋារចនាសម្ព័ន្ធ និងគ្រប់គ្រងប្រភេទដីធ្លី (ដីលំនៅដ្ឋាន និងដីស្រែចំការ)ឲ្យបានច្បាស់លាស់៕