(ក្រចេះ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថា សុខភាព ចំណេះដឹង និងសីលធម៌ សម្រាប់ការរស់នៅក្នុងសង្គម ជាតម្លៃដ៏សំខាន់បំផុតរបស់មនុស្សគ្រប់រូប។ ការខិតខំប្រឹងប្រែងសិក្សារៀនសូត្រយកចំណេះដឹង ដើម្បីបង្កើនតំលៃនៃខ្លួនយើង និងមានអនាគតល្អ, ការសិក្សារៀនសូត្រ គឺជាកាតព្វកិច្ចដែលត្រូវបំពេញ ការសិក្សា គឺជាផ្នែកមួយនៃជីវិត។

លោក នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូចនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចែកកង់ជូនដល់សិស្សានុសិស្សចំនួន ៦០នាក់ នៅអនុវិទ្យាល័យស្រែជិះ និងអនុវិទ្យាល័យរលួស ស្រុកអូគ្រៀងសែនជ័យ ដែលមានជីវភាពខ្វះខាត និងគ្មានមធ្យោបាយធ្វើដំណើរទៅសិក្សា ។

លោក នេត្រ ភក្ត្រា បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ខ្ពស់លើការអប់រំ និងការបណ្តុះបណ្តាលដើម្បីបង្កើនធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេស ដោយរាជរដ្ឋាភិបាលបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានាឱ្យអនុវត្តសម្រាប់បង្កើនគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ ក្នុងគោលបំណងលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។

តាមរយៈនេះលោក នេត្រ ភក្ត្រា បានស្នើដល់អាណាព្យាបាល ឳពុក ម្តាយ របស់សិស្សានុសិស្សទាំងអស់ជម្រុញឱ្យកូនៗបានទៅសិក្សារៀនសូត្រយ៉ាងតិចរហូតដល់ថ្នាក់ទី១២ បើសិនជាប្អូនៗ ក្មួយៗ បោះបង់ការសិក្សានឹងជួបការលំបាករយៈពេលយូរ តែបើសុខចិត្តទ្រាំលំបាករយៈពេលខ្លីក្នុងការសិក្សារៀនសូត្រនឹងទទួលបានចំណេះ ដឹងជ្រៅជ្រះ គឺអាចផ្លាស់ប្តូរវាសនារបស់ខ្លួនឯងបានល្អ ជួយដល់គ្រួសារ ត្រឡប់មកជួយកសាង និងអភិវឌ្ឍ ភូមិ ឃុំ ស្រុករបស់ខ្លួនអោយមានការរីកចំរើន។

លោកបានក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ កុំប្រើប្រាស់ពេលវេលាច្រើនដើរលេង មើលទូរសព្ទ័ ត្រូវប្រើប្រាស់ពេលវាលាច្រើនក្នុងការអានសៀវភៅ និងសិក្សារៀនសូត្រ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន បើសិនជាយើងប៉ះពាល់ប្រើប្រាស់គ្រឿងញៀន វានឹងធ្វើអោយអ្វីដែលជាសេចក្តីប៉ងប្រាថ្នារបស់ ឳពុក ម្តាយ យើងគឺចប់សព្វគ្រប់តែម្តង ព្រោះគ្រឿងញៀនបានបំផ្លាញទឹកចិត្តរបស់គាត់ បំផ្លាញនូវសុខភាពរបស់យើង និងធ្វើអោយបាត់បង់តំលៃជាមនុស្ស មិនអាចធ្វើអ្វីបានដើម្បីឱ្យមានអនាគតល្អបានឡើយ។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ប្រឹងប្រែងរៀនសូត្ររហូតដល់ចប់មធ្យមសិក្សាទុតិយភូមិ ហើយបើចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រទៀត លោកនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកអូរគ្រៀងសែនជ័យ និងមូលដ្ឋានខេត្តក្រចេះ នឹងជួយរកអាហារូបករណ៍ ដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ តែបើចង់រៀនជំនាញផ្សេងៗដែលមានរយៈពេលខ្លី គឺរាជរដ្ឋាភិបាលផ្តល់ឱកាសឱ្យរៀន និងមានកន្លែងឱ្យស្នាក់នៅ រួមទាំងឧបត្ថម្ភថវិកាជូនក្នុង ១ខែ ២០មុឺនរៀលថែមទៀតផងដែរ ។ នេះជាការគិតគួរយកចិត្តទុកដាក់ខ្ពស់តាំងតែពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអាណត្តិទី៧ នេះ ។

សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូននាឱកាសនេះរួមមានកង់ចំនួន ៦០គ្រឿង ផ្តល់ជូនដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត និងគ្មានមធ្យោបាយធ្វើដំណើរទៅសិក្សាផ្លូវឆ្ងាយ ក្នុងនោះសិស្សអនុវិទ្យាល័យ ស្រែជិះ ឃុំស្រែជិះ ចំនួន ៣០នាក់ និងសិស្ស អនុវិទ្យាល័យឃុំរលួស ឃុំរលួសស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួលបាន កង់ ១គ្រឿង, លោកគ្រូ អ្នកគ្រូ ចំនួន ១១នាក់ ក្នុងម្នាក់ៗ ៥ មុឺនរៀល ក្រុមគ្រូពេទ្យ ៤ នាក់ ក្នុងម្នាក់ ៥មុឺនរៀល, ក្រុមយុវជន សសយក ចំនួន ២០ នាក់ ម្នាក់ៗ ១មុឺនរៀល ។ អាណាព្យាបាលសិស្សចំនួន ៥០ នាក់ ប្រជាពលរដ្ឋចូលរួមចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ១ ថង់ និងក្រមា ១ ៕