(ក្រចេះ)៖ រទេះរុញចំនួន៤០ ត្រូវបានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមនឹងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកចំនួន៤ នៅខេត្តក្រចេះ តាមរយៈប្រធានក្រុមការងារចុះមូលដ្ឋានស្រុក នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ។

នេះជាលើកទី២ ដែលប្រធានក្រុមការងារនិងអភិបាលខេត្តបានផ្តល់ជូន និងបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំខេត្តក្រចេះចំពោះវិស័យសុខាភិបាល និងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។

ការលើកកម្ពស់គុណភាពសេវាសុខាភិបាលដែលត្រូវបាន, លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាជាវិធានការគន្លឹះមួយក្នុងចំណោមវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលកម្ពុជាដែលដាក់ចុះដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ វិធានការគន្លឹះ ៤ទៀតរួមមាន៖ ការពង្រឹងសមត្ថភាពរដ្ឋបាល សាធារណៈ, ការលើកកម្ពស់គុណភាពអប់រំ, ការពង្រឹងការអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព និងការពង្រឹង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការផ្តល់រទេះរុញដល់មន្ទីរពេទ្យបង្អែកស្រុកទាំង៤ រួមមានស្រុកស្នួល ស្រុកសំបូរ ស្រុកព្រែកប្រសព្វ​ និងស្រុកឆ្លូង ជាអំណោយសប្បុរសធម៌របស់សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍន៍នៅកម្ពុជា ដែលមានលោកស្រី ខា ឡេង ជាប្រធានសមាគម ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពក្នុង ការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់សម្រួលការធ្វើដំណើរសម្រាប់អ្នកជំងឺដែលមានពិការភាព និងពិបាកធ្វើដំណើរ។

ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងអាជ្ញាធរស្រុកទាំង៤ បានថ្លែងអំណរគុណចំពោះទឹកចិត្ត និងការគាំទ្ររបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារ ដែលបានផ្តល់នូវការគាំទ្រ​ លើកទឹកចិត្តមន្ត្រីនៃមន្ទីរសុខាភិបាល និងមន្ទីរពេទ្យនានាក្នុងខេត្ត ដោយស្នើឱ្យយកចិត្តទុកដាក់លើការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពដល់ប្រជាពលរដ្ឋព្រមទាំងចូលរួមគាំទ្រសម្ភារផ្សេងៗ ដើម្បីប្រើប្រាស់តាមតម្រូវការ៕