(ព្រះសីហនុ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានជួបសំណេះសំណាល សាកសួរសុខទុក្ខជាលើកទី២ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ។

លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីរាជការគ្រប់រូបក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន។ លោកបានអបអរសាទរចំពោះខេត្តព្រះសីហនុដែលសម្រេចជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ នេះបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់មន្ទីរក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗនៅក្នុងខេត្ត។

លោករដ្ឋមន្ដ្រីបានលើកឡើងអំពីការជំរុញកម្មវិធីអាទិភាពទាំង៤របស់ក្រសួង៖ ទី១ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដែលជាបុរេលក្ខខណ្ឌ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ទី២ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ ទី៣ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងទី៤ការពង្រឹងស្ថាប័ន និងអភិបាលកិច្ច ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល និងកម្មវិធីថវិកា។

លោករដ្ឋមន្ត្រីបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុទាំងអស់ឲ្យត្រូវបន្ដថែរក្សាសមិទ្ធផល និងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

លោកបន្តណែនាំថា ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ត្រូវគោរពវិន័យ របៀបរបបធ្វើការ ការរៀបចំសណ្ដាប់ធ្នាប់ មានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មានកិច្ចសហការគ្នាល្អ មិនប្រកាន់បក្ខពួក មានការលើកទឹកចិត្ត ប្រកបដោយតម្លាភាព និងសមភាព។

ម្យ៉ាងទៀត មន្ទីរត្រូវខិតខំអនុវត្តជំរុញការអភិវឌ្ឍ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ។

បន្ទាប់ពីពិធីសំណេះសំណាលរួចមក លោករដ្ឋមន្ត្រីបានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានទៅពិនិត្យគុណភាពផ្លូវជនបទចំនួន២ខ្សែ នៅក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ។ ខ្សែទី១ ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ៤,៥០គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិគគីរ ទៅដល់ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ អនុវត្តដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ក្នុងឆ្នាំ២០២២-២០២៣ ដោយប្រើប្រាស់កម្មវិធីរបស់រាជរដ្ឋាភិបាល។ ខ្សែទី២ ជាផ្លូវបេតុង មានប្រវែង៧,៣០គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ តភា្ជប់ពីភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ទៅដល់ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ អនុវត្តដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ក្នុងឆ្នាំ២០១៧។

លោករដ្ឋមន្ដ្រីបានជួបសំណេះសំណាល និងសួរសុខទុក្ខពលរដ្ឋជនជាតិដើមភាគតិចស្អូច ដែលរស់នៅក្នុងភូមិសំរុងលើ និងបានចុះពិនិត្យស្ថានភាពភូមិសំរុងក្រោម ដែលគ្រោងដាក់ជាភូមិគំរូនាពេលខាងមុខ។ ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រីបានលើកឡើងថា បច្ចុប្បន្នដោយកត្ដាសុខសន្ដិភាពពេញលេញ ទើបបង្កឱកាសឱ្យមានការជួបជុំគ្នាយ៉ាងរីករាយ និងអាចប្រកបរបរចិញ្ចឹមជីវិតបានយ៉ាងសម្បូរសប្បាយ ព្រមទាំងអាចមើលឃើញនូវ សមិទ្ធផលថ្មីៗជាបន្ដបន្ទាប់គួរជាទីមោទនៈ៕