(បាងកក)៖ គណៈប្រតិភូក្រសួងចំនួន៥ និងគណៈប្រតិភូខេត្តចំនួន៥ នៃប្រទេសកម្ពុជា បានចូលរួមសន្និសីទ ភាពជាអ្នកដឹកនាំអាស៊ាន ដែលរៀបចំដោយសហព័ន្ធសន្តិភាពសកល ហៅកាត់ថា UPF នៅទីក្រុងបាងកក ប្រទេសថៃ។
គោលបំណងសំខាន់នៃសន្និសីទនេះ គឺដើម្បីចែករំលែកគ្នាទៅវិញទៅមក ទាក់ទងនឹងទស្សនវិស័យដឹកនាំ និងសន្តិភាព។
ក្នុងឱកាសនោះ ប្រតិភូកម្ពុជាដែលបានទៅចូលរួមមាន ចំនួន៤០រូប មានប្រតិភូមកពី ក្រសួងការពារជាតិ, ក្រសួងធម្មការ និងសាសនា, ក្រសួងព័ត៌មាន, ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព្រះបរមរាជវាំង និងប្រតិភូមកពី ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តកំពត ខេត្តបាត់ដំបង ខេត្តប៉ៃលិន។
ហើយក្នុងសន្និសីទនោះផងដែរ ក៏មានប្រទេសចំនួន១០បានទៅចូលរួម មានប្រទេសស្រីលង្កា នេប៉ាល់ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ថៃ អាល្លឺម៉ង់ កូរ៉េខាងត្បូង ជប៉ុន ឥណ្ទូនេស៊ី រួមទាំងប្រទេសកម្ពុជា សរុបអ្នកចួលរួមទាំងអស់ ចំនួន១០៥នាក់។
ប្រធានបទសំខាន់ៗ នៃសន្និសីទនេះ មានសារៈសំខាន់ក្នុងការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ គោលការណ៍សំខាន់ៗនៃវិស័យអប់រំ ក្នុងប្រព័ន្ធតភ្ជាប់រវាងប្រទេស និងប្រទេស ការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋក្នុងតំបន់ ការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋក្នុងពិភពលោក ដើម្បីសន្តិភាព និងការចែករំលែកវប្បធម៌ទៅវិញទៅមក នៃប្រទេសក្នុងពិភពលោក។
សូមជម្រាបថា សន្និសីទនេះ មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៩ ខែកញ្ញា ឆ្នាំ២០១៦ ដែលរៀបចំធ្វើឡើង ក្នុងសណ្ឋាគារ AVANI BANGKOK ប្រទេសថៃ៕