(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញដល់សមាគមគ្រូពេទ្យវះកាត់មុខ-មាត់ និងឆ្អឹងថ្គាមកម្ពុជា និងសមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងកម្ពុជា បន្ដបណ្ដុះបណ្ដាលធនធានមនុស្ស ធ្វើយ៉ាងម៉េចត្រូវកសាងវិស័យទន្ដសាស្ដ្រ ទៅក្នុងវិស័យសាធារណៈឱ្យបានច្រើន ព្រោះការចូលរួមរបស់វិស័យទន្ដសាស្ដ្រ មានសារៈសំខាន់ ក្នុងការរួមចំណែកជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីឈានទៅរកការគ្របដណ្ដប់សុខភាពជាសកល។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និសីទ ស្តីពី «នវានុវត្តន៍នៃការវះកាត់ដាំបង្គោលធ្មេញ និងការវះកាត់ស្តារនីតិសម្បទាមុខ-មាត់ និងឆ្អឹងថ្គាម» ដែលប្រព្រឹត្ដទៅនៅសណ្ឋាគារ សាន់&មូន រីវើសាយ ភ្នំពេញ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។

លោកសាស្ដ្រាចារ្យ ឡឹម តារា បានថ្លែងថា «បច្ចុប្បន្នបានឃើញថាវិស័យឯកជន ផ្នែកទន្ដសាស្ដ្រនេះ មានការរីកចម្រើនគួរឱ្យកក់សម្គាល់ ប៉ុន្ដែក៏សង្កេតឃើញថា ការចូលរួមក្នុងក្នុងវិស័យសាធារណៈនៅមានកម្រិត។ ដូច្នេះសូមអំពាវនាវដល់សមាគមទាំងពីរ ចូលរួមចំណែកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន»។

ទន្ទឹមនឹងនោះលោករដ្ឋលេខាធិការក៏បានជំរុញមន្ដ្រីសុខាភិបាលទាំងអស់ ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ព្រោះក្រមសីលធម៌វិជ្ជាជីវៈនេះ ជាត្រីវិស័យមួយដែលតម្រង់ឱ្យអ្នកជំនាញ និងអ្នកវិទ្យាសាស្ដ្រ
អនុវត្ដន៍នៅក្នុងគន្លងមួយដែលផ្ដល់ផលប្រយោជន៍ដល់សង្គមជាតិទាំងមូល។

ក្នុងឱកាសនោះដែរ លោកសាស្ដ្រាចារ្យ ឡឹម តារា ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមាគមគ្រូពេទ្យវះកាត់មុខ-មាត់ និងឆ្អឹងថ្គាម និងសមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងកម្ពុជា ពិសេសក្នុងសន្និសីទនៅពេលនេះ ដែលមានការចូលរួមពីវាគ្មិនអន្ដរជាតិ ដែលអញ្ជើញមកពីបណ្ដាប្រទេសល្បីៗ នឹងចូលរួមចំណែកអភិវឌ្ឍចំណេះ ជំនាញ និងសមត្ថភាព​ របស់ក្រុមគ្រូពេទ្យកម្ពុជាយើងបន្ថែមមួយកម្រិតទៀត។

លោកសាស្ដ្រាចារ្យបានថ្លែងទៀតថា វិស័យសុខាភិបាល បច្ចុប្បន្ននេះ ដោយមានការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោលដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយលឤទិភាពទី១ ស្តីពី ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល សំដៅពង្រឹងសមត្ថភាពមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្នុងការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងប្រកបដោយសមធម៌។

ក្នុងនោះគោលដៅជាយុទ្ធសាស្ត្រ គឺការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ ទាំងនេះកំពុងតែមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល។ ជាពិសេសលើវិស័យទន្តសាស្ត្រ ដែលមានសារៈសំខាន់ក្នុងការជួយសម្រាល និងដោះ
ស្រាយបញ្ហាទាំងឡាយទាក់ទងនិងសុខភាពមាត់ធ្មេញ ការទំពារអាហារ និងសម្រស់ផ្ទៃមុខរបស់មនុស្សគ្រប់រូបមិនអាចខ្វះបាន។ បន្ថែមពីលើនេះទៀតនោះ ធ្វើយ៉ាងឱ្យវិស័យទន្តសាស្ត្រនិយាយជារួម ជំនាញវះកាត់មុខ-មាត់ និងឆ្អឹងថ្គាម និយាយដោយឡែក អាចផ្តល់សេវាបានដល់គ្រប់មូលដ្ឋានសុខាភិបាល។

ជាមួយគ្នានេះដែរ ប្រធានសមាគមគ្រូពេទ្យវះកាត់មុខ-មាត់ និងឆ្អឹងថ្គាមកម្ពុជា លោកទន្ដបណ្ឌិតឯកទេស ហេង ពិសិដ្ឋ បានលើកឡើងថា សន្នីសិទដែលត្រូវធ្វើឡើងរយៈពេល២ថ្ងៃ ទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៤ គឺក្នុងគោលបំណងពង្រឹង បង្កើនចំណេះដឹង និងសមត្ថភាពដល់ទន្តបណ្ឌិតដែលកំពុងប្រកបវិជ្ជាជីវៈទន្តសាស្រ្តឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយក្រមសីលធម៌ ស្របនឹងនិយាមអន្តរជាតិ។

លោកទន្ដបណ្ឌិតឯកទេសបានថ្លែងឱ្យដឹងថា សន្នីសិទថ្ងៃនេះនឹងក្លាយជាឱកាសដ៏ល្អមួយ ដើម្បីពិភាក្សាអំពីចំណេះដឹងថ្មីៗ ភាពជឿនលឿននៃការវះកាត់ និងបច្ចេកទេសទំនើបបំផុតការដាំបង្គោលក្នុងឆ្អឹង រោគសាស្ត្រក្នុងមាត់ ការវះកាត់មុខ-មាត់ និងឆ្អឹងថ្គាម ដែលធ្វើបទបង្ហាញដោយវាគ្មិនជាតិ និងអន្តរជាតិ។ សិក្ខាកាមទាំងអស់ក្រោយពីទទួលបានបណ្តុះបណ្តាលរួច ចូលរួមលើកកម្ពស់សីលធម៌ សេចក្តីថ្លៃថ្នូរ សុច្ចរិតភាព គុណភាព ប្រសិទ្ធិភាពក្នុងការប្រកបវិជ្ជាជីវៈទន្តសាស្រ្ត ដោយជំរុញវិស័យទន្តសាស្រ្តនៅកម្ពុជាឱ្យមានភាពជឿនលឿនទំនើបកម្មឌីជីថល និងគោរពនូវរាល់លិខិតបទដ្ឋានគតិយុត្តនានា ដែលមានជាធរមាននៅកម្ពុជា៕