(ភ្នំពេញ)៖ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា (អ.ប.ព -ACU) នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូបក្សកុម្មុយនិស្តចិន និងរដ្ឋ ខេត្តយូណាន ដឹកនាំដោយលោក Feng Zhili សមាជិកអចិន្រ្តៃយ៍ នៃគណបក្សកុម្មុយនិស្តចិន ខេត្តយូណាន លេខាគណៈអធិការវិន័យនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តយូណាន និងជាប្រធានគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន អមដំណើរដោយប្រតិភូ៥រូប មកបំពេញទស្សនកិច្ចនៅ អ.ប.ព.។

ក្នុងជំនួបការងារនេះ ប្រធានអង្គភាពអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា, ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានជម្រាបជូនគណៈប្រតិភូអំពីការងារប្រយុទ្ធប្រឆាំងអំពើពុករលួយកម្ពុជា ដែលជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ ហើយបន្តមករាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយបានចាត់ទុកការកែទម្រង់ និងពង្រឹងអភិបាលកិច្ចជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទីមួយ។

ជាមួយគ្នានេះ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ក៏បានលើកឡើង អំពីស្ថាប័នប្រឆាំងអំពើពុករលួយ អំពីភារកិច្ចរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយ ចំណុចសំខាន់ៗនែច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលពាក់ព័ន្ធនឹងអំណាចស៊ើបអង្កេតរបស់ អ.ប.ព. ព្រមទាំងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា ដែលផ្តោតលើការងារសំខាន់បី គឺការងារអប់រំ ការងារបង្ការទប់ស្កាត់ និងការបង្ក្រាប និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដែលជាសមត្ថកិច្ចផ្តាច់មុខរបស់ អ.ប.ព.។

ជាការឆ្លើយតប លោក Feng Zhili បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង និងការទទួលស្វាគមន៍ដ៏កក់ក្តៅ ព្រមទាំងសម្តែងនូវសេចក្តីរីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលនេះ។

លោកក៏បានលើកឡើងអំពីចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ ហើយមកទប់ពេលនេះបានឈានដល់ការកសាងសហគមន៍ជោគវាសនារួម និងកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ»។

លោក Feng Zhili បានលើកឡើងអំពីការងារប្រឆាំងអំពើពុករលួយនៅសាធារណរដ្ឋប្រជាមានិតចិន ដែលស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៉ី ជិនពីង បានប្រកាន់យកគោលការណ៍តឹងរឹងនៃការអនុវត្តច្បាប់ និងវិន័យជាពិសេសពាក់ព័ន្ធនឹងអំពើពុករលួយ។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការដែលមានកន្លងមក និងសន្យាលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយរវាងប្រទេសទាំងពីរ ចិន និងកម្ពុជា ព្រមទាំងសម្តែងនូវសេចក្តីរីករាយ ក្នុងការចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ស្អែកនេះ៕