(កោះកុង)៖ លោក អ៊ុនដូង បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លេីងទៀន ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ហើយគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចវិញ។

តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ លោក អ៊ុនដូង បានបញ្ជាក់ថា៖ «ខ្ញុំ សូមប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ដោយមើលឃើញថាបក្សមួួយនេះ គឺជាគណបក្សជ្រុលនិយម ចាប់ពីពេលនេះតទៅ ហើយខ្ញុំស្នើសុំសម្ដេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»

ការស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ពីព្រោះលោកមើលឃើញថា បក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ កសាងជាតិឱ្យរីកចម្រើន៕