(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញបើកកិច្ចប្រជុំពិភាក្សានិងអនុម័តដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានប្រព័ន្ធធារាសាស្ត្រប្រទេសកម្ពុជា CISIS-WAT4CAM នៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (ហៅកាត់ WAT4CAM) ដំណាក់កាលទី១។

សូមជម្រាបថា កិច្ចប្រជុំនេះរៀបចំដោយ PMU-WAT4CAM សហការគាំទ្រដោយទីប្រឹក្សាបច្ចេកទេស TA-ISWM-WAT4CAM ដំណាក់កាលទី១ និងមានការចូលរួមពីឯនាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តគោលដៅទាំង៥។

លោករដ្ឋមន្ត្រីបានលើកឡើងថា កិច្ចប្រជុំគឺមានគោលបំណងដើម្បីពិនិត្យនិងអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធ CISIS ដែលជាលទ្ធផលនៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ដំណាក់កាលទី១ ក្រោយពីបានរៀបចំធ្វើទំនើបកម្ម និងដំណើរការសាកល្បងលើខេត្តគោលដៅរបស់កម្មវិធី។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រព័ន្ធទិន្នន័យប្រព័ន្ធធារាសាស្ត្រនេះមានភាពចាំបាច់ និងមានសារសំខាន់ណាស់សម្រាប់ការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រនៅកម្ពុជាឱ្យមានប្រសិទ្ធភាពលោករដ្ឋមន្ត្រីបានបន្ថែមថា កន្លងមក ក្រសួងមានទិន្នន័យ (database) របស់ CISIS ដែលគ្រប់គ្រងដោយនាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ តែប្រព័ន្ធទិន្នន័យនេះនៅមានកម្រិត និងតម្រូវឱ្យមានការធ្វើបច្ចុប្បន្នកម្ម និងទំនើបកម្ម ដើម្បីបង្កើនមុខងារ និងការប្រើប្រាស់ឱ្យកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងឥណទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៨ និងក្នុងក្របខណ្ឌកម្មវិធី WAT4CAM ដំណាក់កាលទី១ បានកំណត់ឱ្យមានការគាំទ្រដល់ការធ្វើបច្ចុប្បន្នកម្ម និងទំនើបកម្មប្រព័ន្ធ CISIS ដែលកិច្ចប្រជុំកំពុងពិនិត្យ និងអនុម័តនូវម៉ូដែល CISIS-WAT4CAM ដែលបានស្នើឡើងដោយទីប្រឹក្សាបច្ចេកទេស TA-ISWM-WAT4CAM ដំណាក់កាលទី១ នាពេលនេះ៕