(ផ្លូរីដា)៖ ក្រុមហ៊ុន SpaceX បានប្រកាសថាកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍន៍ និងផលិត Taxi-អវកាស (យានអវកាសឈ្នួល) សម្រាប់អង្គការ NASA នោះនឹងមិនត្រូវបានបង្អាក់ ឬធ្វើឲ្យយឺតយ៉ាវដោយសារតែ ការផ្ទុះយាន SpaceX រួមជាមួយនឹងផ្កាយរណបអ៊ីស្រាអែលតម្លៃ ២០០លានដុល្លារអាមេរិក កាលពីដើមខែកញ្ញា នោះឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៦។
ចំពោះក្រុមហ៊ុន Boeing Co និង SpaceX ដែលត្រូវបានគ្រប់គ្រង និងប្រតិបត្តិដោយក្រុមហ៊ុន បច្ចេកវិទ្យា Elon Musk គឺកំពុងតែស្ថិតនៅក្នុងដំណើរការផលិតយានអវកាស សម្រាប់អង្គការ NASA ដើម្បីដឹកនាំអវកាសយានិកទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) ហើយវាស្ថិតនៅក្នុងគំរោងទឹកប្រាក់ ១០០ពាន់លានដុល្លារអាមេរិក ដែលបាននិងកំពុងប្រើប្រាស់ដើម្បីផលិតយាន ដែលអាចហោះទៅកាន់ គន្លង ៤០០គីឡូម៉ែត្រ ពីផ្ទៃរបស់ភពផែនដីបាន។
លោក Abhishek Triphathi នាយកប្រតិបត្តិនៃដំណើរការរបស់ SpaceX បាននិយាយថា «យើងកំពុង ឆ្ពោះទៅមុខជានិច្ចដើម្បីសម្រេចឲ្យបានតាមការសន្យា។ យើងត្រូវតែធ្វើវាឲ្យបានតាមកាលកំណត់។ ខ្ញុំដឹងច្បាស់ណាស់អំពីអ្វីដែលត្រូវធ្វើនៅថ្ងៃបន្ទាន់ និង ខែបន្ទាប់។ កិច្ចការងាររបស់ខ្ញុំនឹងមិនទទួលរង ឥទ្ធិពល ពីការស៊ើបអង្កេតចំពោះឧប្បដិហេតុ ដែលបានកើតមានឡើងនោះឡើយ»។
គួរបញ្ជាក់ថា អង្គការ NASA ឬក៏រដ្ឋបាលអវកាសជាតិអាមេរិក គឺកំពុងតែសម្លឹងមើលចំពោះការផ្ទេរ តួនាទីដឹកជញ្ជូនអវកាសយានិករបស់ខ្លួន មកឲ្យក្រុមហ៊ុន SpaceX និង Boeing វិញ ឲ្យបានមុនចុងឆ្នាំ២០១៨ ដើម្បីកុំឲ្យមានការពឹងផ្អែកទៅលើប្រទេសរុស្ស៊ីបន្តទៀត។ SpaceX និង Boeing ធ្លាប់បានប្តេជ្ញាថានឹងធ្វើតេស្តសាកល្បង ក្នុងការនាំមនុស្សទៅកាន់ស្ថានីយ៍អវកាសជាលើក ដំបូងរបស់ខ្លួននៅឆ្នាំ២០១៧ខាងមុខ៕