(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយក្រុមហ៊ុនកូកា-កូឡាកម្ពុជា ស្ដីពី «ការផ្តល់ជូនប្រព័ន្ធស្រោចស្រព ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា»។

ប្រព័ន្ធស្រោចស្រព នេះមានសមត្ថភាពស្រោចស្រពកូនឈើ បានជាងមួយលានដើមក្នុងមួយឆ្នាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដើមឈើរបស់សាធារណជន ក៏ដូចជាលើកស្ទួយឱ្យកម្ពុជា បង្កើនគម្របបៃតងកាន់តែច្រើនផងដែរ។

ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នេះ គឺជាថ្នាលដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ ការបង្កើតថ្នាលបណ្តុះកូនឈើនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលមានគោលបំណងលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការថែទាំ និងការការពារធនធានធម្មជាតិរបស់កម្ពុជា ដើម្បីជួយឱ្យកម្ពុជាអាចសម្រេចបាន នូវគោលដៅអព្យាក្រឹតកាបូនដែលមានគម្របព្រៃឈើ ៦០ ភាគរយត្រឹមឆ្នាំ២០៥០។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ បានធ្វើឡើងនៅឯទីស្តីការក្រសួងបរិស្ថាន ដោយមានសក្ខីភាពរបស់លោក បណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ចូសេប ហូ  អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា)។

នាឱកាសនោះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា «យើងខ្ញុំសូមថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដែលផ្ដល់ប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនេះ ដែលនឹងរួមចំណែកជួយដល់ការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព សំដៅជួយឱ្យកម្ពុជា អាចបោះជំហានទៅមុខមួយជំហានទៀត ឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអព្យាក្រឹតកាបូន»

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យក្រសួងបរិស្ថាន រៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ នៅមុខទីស្តីការក្រសួងបរិស្ថាន សម្រាប់ការដាក់តាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។ ការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក សម្រាប់ឱ្យកិច្ចការពារថែរក្សា និងអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រសិទ្ធភាព និងមានចីរភាព នឹងជំរុញដំណើរកម្ពុជាឆ្ពោះទៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០។

លោក ចូសេប ហូ  អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) បានលើកឡើងថា «ក្រុមហ៊ុនកូកា-កូឡាកម្ពុជាយើងខ្ញុំ សូមធ្វើការកោតសរសើរដល់ការដឹកនាំរបស់ក្រសួងបរិស្ថាន ដែលបានបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងបង្អស់នេះឡើង។ ការផ្ដល់ប្រព័ន្ធស្រោចស្រពជូនក្រសួងបរិស្ថាននេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនយើងខ្ញុំ ក្នុងការចូលរួមការពារភពផែនដីរបស់យើង។ ក្រុមហ៊ុនយើងខ្ញុំបាននិងកំពុងខិតខំប្រឹងប្រែងចូលរួមកាត់បន្ថយ ការបំភាយឧស្ម័នកាបូនិក (CO2) ពីប្រតិបត្តិការ និងខ្សែច្រវ៉ាក់តម្លៃរបស់យើង ដែលជាសកម្មភាពមួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់ក្រុមហ៊ុនមេរបស់យើងគឺ ស្វាយអឺ កូកា-កូឡា លីមីធីត។ គំនិតផ្តួចផ្តើមនេះនឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តឲ្យសហគមន៍មូលដ្ឋាន និងប្រទេសកម្ពុជាទាំងមូលចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ យើងខ្ញុំមានកិត្តិយសដែលមានឱកាសធ្វើការសហការជាដៃគូយូរអង្វែងជាមួយក្រសួងបរិស្ថាន និងអាចរួមចំណែក ធ្វើឱ្យកម្ពុជាកាន់តែមានភាពបៃតង និងជាឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់»

ស្រដៀងគ្នាដែរ កាលពីដើមឆ្នាំ២០២៣ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានប្រគល់ប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់ថ្នាលបណ្តុះកូនឈើនៅឧទ្យានជាតិ ជួរភ្នំក្រវាញ ក្នុងខេត្តកំពង់ស្ពឺ និងនៅឆ្នាំ២០២១ ក្រុមហ៊ុនបានផ្ដល់ប្រព័ន្ធអណ្តូងទឹកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ មួយឈុតសម្រាប់ទីតាំងថ្នាលបណ្តុះកូនឈើរបស់អាជ្ញាធរអប្សរា ក្នុងខេត្តសៀមរាប៕