(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោយប្រទេសមានសន្តិភាព ពលរដ្ឋមានមេដឹកនាំល្អ ដូច្នេះអាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់ភាពសុខសាន្តអចិន្ត្រៃយ៍ដល់ពលរដ្ឋ។

ការថ្លែងបែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកឈូក និងស្រុកជុំគិរី អណាត្តិទី៤ ដោយមានការចូលរួមជាគណៈអធិបតី ពីលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្ត នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅតាមសាលាស្រុកទាំងពីរខាងលើ។

លោកអភិបាលខេត្តកំពត បន្តលើកឡើងទៀតថា ក្រោយទទួលបាននូវសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេសរួចមក ប្រពលរដ្ឋមានសំណាងដ៏ធំ គឺមានមេដឹកនាំល្អ ដែលបានខិតខំពុះពាគ្រប់ឧបសគ្គ ក្នុងការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពធូរធា ពិសេសថ្នាក់ដឹកនាំតែងតែគិតគូជានិច្ចនូវរាល់សុខទុក្ខ របស់ប្រជាពលរដ្ឋ រស់នៅជាមួយប្រជាពលរដ្ឋ មិនរត់ចោលប្រជាពលរដ្ឋ ទោះកាលៈទេសណាក៏ដោយ។ ដូច្នេះដើម្បីធានាបាននូវការសងគុណអ្នកដែលរកបានមកនូវសន្តិភាព សងគុណទឹកដីកំណើតខ្លួន មន្ត្រីរាជការ អ្នកមានតួនាទី ពិសេសអាជ្ញាធរមូលដ្ឋានត្រូវផ្តល់នូវភាពសុខសាន្តជាអចិន្ត្រៃយ៍ជូនដល់ពលរដ្ឋឱ្យបានល្អប្រសើ។

លោកអភិបាលខេត្តកំពត បានលើកឡើងទៀតថា ក្រោយពីប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស ដែលយកមកដោយលំបាក ដោយយកជីវិតប្តូរពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីរួចមក ប្រជាពលរដ្ឋកម្ពុជា គឺពិតជាមានសំណាងណាស់ដែលទទួលបានមេដឹកនាំល្អចាប់ពីពេលទទួលបានសន្តិភាពរួចមក។

លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល៤៥ឆ្នាំកន្លងមកនេះ ប្រទេសជាតិត្រូវបានអភិវឌ្ឍន៍លើគ្រប់វិស័យយ៉ាងឆាប់រហ័ស ហើយប្រជាពលរដ្ឋទទួលបានសិទ្ធិសេរីភាព ពេញលេញ នឹងត្រូវបានគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខ និងតម្រូវការផ្សេងៗ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលនេះគឺជាសំណាងធំមួយរបស់ពលរដ្ឋកម្ពុជា។

ជាមួយគ្នានេះដែរ បន្ទាប់ពីការដឹកនាំប្រកបដោយគតិបណ្ឌិតពីសំណាក់សម្តេចតេជោ ហ៊ុន សែន រហូតមកដល់បច្ចុប្បន្នបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចនៅតែបន្តខិតខំយកកម្លាំង កាយចិត្ត ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ ពិសេសតម្រូវការ និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយសម្តេចតែងតែផ្តល់អនុសាសន៍ ក៏ដូចជាដាក់ចេញនូវគោលនយោបាយ និងគោលការណ៍ផ្សេងៗ ដល់អាជ្ញាធររាជធានី-ខេត្ត ធ្វើយ៉ាងណាត្រូវដឹងឱ្យបានច្បាស់នូវរាល់សុខទុក្ខ ពិសេសតម្រូវការចាំបាច់របស់ពលរដ្ឋក្នុងមូលដ្ឋានខ្លួន។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានណែនាំ និងជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវផ្តល់នូវភាពសុខសាន្តជាអចិន្ត្រៃយ៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន ឱ្យខាងតែបាន ពិសេសត្រូវរៀបចំក្រុមការងារចុះឱ្យបានដល់ខ្នងផ្ទះប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីបានយល់បានដឹងអំពីការខ្វះខាត បញ្ហាប្រឈម កង្វះខាត និងសំណូមពរប្រជាពលរដ្ឋ ដើម្បីលើកយកមកពិភាក្សាគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា។

លោកអភិបាលខេត្ត បានស្នើដល់ថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ ពិសេសក្រុមប្រឹក្សាដែលទើបតែនឹងតែងតាំងតួនាទីថ្មី នាពេលនេះ ត្រូវរួមសហការគ្នាជាធ្លុងមួយ ដើម្បីចូលរួមបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ពិសេសសង្គមជាតិក្នុង ន័យតប ស្នងសងគុណទឹកដីកំណើតរបស់ខ្លួន តមស្នងសងគុណស្ថាបនិកសន្តិភាព ពិសេសគឺត្រូវតម្កល់សុខទុក្ខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ៕