(ភ្នំពេញ)៖ ដើម្បីបញ្ជ្រាបការយល់ដឹង បន្ថែមដល់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់ ដែលបណ្តាលមកពីផ្សែងបារី ភាគីពាក់ព័ន្ធ បានរួមសហការគ្នាទប់ស្កាត់ និងអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងថ្នាំជក់នៅកម្ពុជា ឲ្យមានប្រសិទ្ធភាព នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ អង្គការចលនាដើម្បីសុខភាពកម្ពុជា អង្គការសុខភាពពិភពលោក រួមជាមួយសាលាខណ្ឌច្បារអំពៅ បានបើកវគ្គបណ្តុះបណ្តាល ដល់មន្រ្តីថ្នាក់ដឹកនាំមូលដ្ឋាន នគរបាល អាវុធហត្ថ និងម្ចាស់អាជីវកម្ម ក្នុងខណ្ឌច្បារអំពៅ និងបានបង្ហាញពី ជំងឺកាចសាហាវ ទាំងឡាយដែលបណ្តាលមក ពីការប្រើប្រើប្រាស់ ផលិផលថ្នាំជក់។
លោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ បានថ្លែងក្នុងពិធី បើកវគ្គបណ្តុះបណ្តាលថា ដើម្បីចូលរួមអនុវត្ត គោលនយោបាយ កាត់បន្ថយភាពក្រីក្រ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ការចូលរួមលើកកម្ពស់សុខភាព និងបរិស្ថាន ដែលកើតឡើងពីផលិតផលថ្នាំជក់ ដែលបច្ចុប្បន្នបរិស្ថានគ្មានផ្សែងបារី ជាបរិបទមួយ ដែលពិភពលោក ក៏ដូចជាតំបន់ បាននឹងកំពុង យកចិត្តទុកដាក់ខ្ពស់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងការរស់នៅ របស់ប្រជាពលរដ្ឋទូទាំងពិភពលោក។
លោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ បានលើកឡើងថា អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋត្រូវតែ ចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ដែលចង្អុលបង្ហាញ ដោយច្បាប់ និងលិខិតបទដ្ឋាន ស្តីពីការត្រួតពិនិត្យថ្នាំជក់ ដើម្បីចូលរួមលើកកម្ពស់ ជីវភាពសុខភាព ប្រជាពលរដ្ឋ។
លោកថា «យើងមិនចង់ឲ្យ សាច់ញាតិយើង ណាម្នាក់រងគ្រោះ ដោយសារការជក់ និងការស្រូបផ្សែង បារីពីគេដែរ ជាពិសេសកូន ចៅរបស់យើង ដូច្នេះយើងត្រូវ ការពារខ្លួនយើង ការពាររបងប្អូនយើង សាច់ញាតយើង និងមនុស្សគ្រប់គ្នា ដោយរួមគ្នាទប់ស្កាត់កុំឲ្យ បរិស្ថានមានផ្សែងបារី»។
លោក បានណែនាំឲ្យពលរដ្ឋ ម្ចាស់អាជីវកម្ម ត្រូវបិទស្លាកសញ្ញា ហាមជក់បារី នៅកន្លែងមើលឃើញច្បាស់។ អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋាន មិនបានអនុវត្តត្រូវ ពិន័យអន្តរការ ជាប្រាក់៥ម៉ឺនរៀល មិនត្រូវដាក់តាំង ឬបង្ហាញប្រដាប់គោះ ក្រញ៉មបារីនៅកន្លែង របស់ខ្លួនទោះក្នុងទម្រង់ ប្រភេទណាក៏ដោយ។ ត្រូវណែនាំឲ្យអ្នក ជក់ទៅខាងក្រៅ បើមិនស្តាប់ត្រូវសហការជាមួយ អាជ្ញាធរចាត់វិធានការបន្ត។ ត្រូវតាំងបង្ហាញ ឬលក់បារី ដែលមានសារព្រមានសុខភាព ជារូបនិងភាសារខ្មែរ នៅលើកញ្ចប់ ផលិតផលថ្នាំជក់ បើមិនអនុវត្តតាមត្រូវ ពិន័យអន្តរការមួយម៉ឺនរៀល។ ចំពោះម៉ាត ភោជនីយដ្ឋាន និងស្ថានីយ៍ប្រេងឥន្ធនៈ មិនត្រូវបានអនុញ្ញាតឲ្យ លក់បារីជាដាច់ខាត បើមិនអនុវត្តន៍ត្រូវ ពិន័យអន្តរការពី ១សែនទៅ ១លានរៀល។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនា ដើម្បីសុខភាពកម្ពុជា បញ្ជាក់ថា ការប្រើប្រាស់ផលិតផលថ្នាំជក់ និងបង្កឲ្យមានជំងឺ កាចសាហាវជាច្រើនប្រភេទ ដ៏គួរឲ្យព្រួយបារម្មណ៍ និងបានឆក់យកជីវិត មនុស្សជារៀងរាល់ថ្ងៃ ដូចជា ជំងឺដាច់សរសៃ ឈាមខួរក្បាល ជំងឺមហារីកបំពង់ក ជំងឺបេះដូង សរសៃឈាម ជំងឺទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើម៕