(អាមេរិក)៖ នៅព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញទៅសាលារៀន Herndon High School ស្ថិតនៅភូមិ  Herndon រដ្ឋ Virginia។ នៅក្នុងឱកាសទស្សនកិច្ចនោះ អគ្គលេខាធិការអាស៊ាន បានជួបជាមួយអ្នកគ្រប់គ្រងសាលា និងបានទស្សនាទីតាំងផ្សេងៗនៅក្នុងសាលាផងដែរ។

លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោកជំទាវ Elizabeth M. Allen អនុរដ្ឋមន្ត្រីទទួលបន្ទុកការទូតសាធារណៈ និងកិច្ចការសាធារណៈរបស់សហរដ្ឋអាមេរិក។ កិច្ចពិភាក្សាជាន់ខ្ពស់នេះ បានផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក ក្នុងវិស័យសំខាន់ៗ ដែលជួយធ្វើជាស្ពានចម្លងរវាងវប្បធម៌ និងផ្តល់អំណាចដល់ជំនាន់អនាគត។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមរបស់អាស៊ាន និងសហរដ្ឋអាមេរិក ក្នុងការបង្កើនការយល់ដឹងទៅវិញទៅមក សប្បាយរីករាយនឹងកេរ្តិ៍ដំណែលវប្បធម៌ដ៏សម្បូរបែប និងផ្តល់អំំំណាចឱ្យមេដឹកនាំវ័យក្មេង ដើរតួនាទីសំខាន់ ក្នុងការរៀបចំអនាគតនៃភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក។

ដោយឡែកនៅរសៀលថ្ងៃពុធនេះ អគ្គលេខាធិការអាស៊ាន បានចូលរួមពិសាអាហារការងារថ្ងៃត្រង់ ជាមួយលោកស្រី Hee-Eun Kim  ប្រធាន និងជានាយកប្រតិត្តិមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិក។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមនានារបស់អាស៊ាន ក្នុងការជំរុញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ព្រមទាំងការងារមួយចំនួនទៀតដែលអាស៊ាន បាននិងកំពុងធ្វើ។

បណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោកជំទាវ Gina M. Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាពីទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងសហរដ្ឋអាមេរិក រួមមាន គំនិតផ្តួចផ្តើម និងសកម្មភាពកិច្ចសហប្រតិបត្តិការនានា នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគ និងការចូលរួមផ្នែកសេដ្ឋកិច្ចដែលត្រូវបានពង្រីករវាងអាស៊ាន និងសហរដ្ឋអាមេរិក ជាដើម។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពី វិស័យកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាននាពេលអនាគត ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច អាស៊ាន-សហរដ្ឋអាមេរិក ឱ្យកាន់តែខ្លាំងក្លាផងដែរ។

បណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងតុមូលប្រព័ន្ធផ្សព្វផ្សាយ ដែលមានការចូលរួមពីសំណាក់ទីភ្នាក់ងារសារព័ត៌មានដ៏ល្បីល្បាញមួយចំនួន ដែលគ្របដណ្តប់លើបញ្ហាតំបន់ និងសកលលោក។ តុមូលនេះ ផ្តោតលើគោលបំណងនៃទស្សនកិច្ចការងាររបស់ឯកឧត្តមអគ្គលេខាធិការអាស៊ាន មកសហរដ្ឋអាមេរិក និងការវិវត្តន៍ចុងក្រោយបង្អស់នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ជាដើម។

បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដាក់ឱ្យដំណើរការកម្មវិធីវាគ្មិនជាបន្តបន្ទាប់របស់មជ្ឈមណ្ឌលអាស៊ាន-សហរដ្ឋអាមេរិក។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានថ្លែងស្តីពី «ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក៖ ភាពជាដៃគូសម្រាប់សន្តិភាព វិបុលភាព និងប្រជាជន» ដែលគាត់បានគូសបញ្ជាក់ពីការចូលរួមចំណែកយ៉ាងច្រើនរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន ក៏ដូចជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានលើកឡើងពីទស្សនៈដើម្បីពង្រឹងកិច្ចសហការជាមួយអាស៊ាន នៅទូទាំងសសរស្តម្ភសហគមន៍អាស៊ាន ដោយដើរតួនាទីកាន់តែធំធេង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ស្របពេលដែលពិភពលោកកំពុងជួបប្រទះនឹងការប្រឈមផ្នែកភូមិសាស្ត្រយុទ្ធសាស្ត្រ និងភូមិសាស្ត្រសេដ្ឋកិច្ចដែលកំពុងកើនឡើង៕