(ភ្នំពេញ)៖ លោក លុយ ដាវីដ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ បាននាំយកថវិកាដែលទទួលបានពីការចូលរួមបរិច្ចាគ ពីសំណាក់ពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការ និងរស់នៅតាមបណ្ដាសហគមន៍នានានៅក្នុងប្រទេសបារាំង មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ស្របពេលដែលមូលនិធិកំពុងរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ដែលផ្ដួចផ្ដើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ក្នុងឱកាសនោះ, លោកឯកអគ្គរាជទូត បានគាំទ្រយ៉ាងពេញទំហឹង លើចលនាកៀរគរការបរិច្ចាគរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ជាពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នេះ ដោយលោកឯកអគ្គរាជទូត បានលើកឡើងថានឹងបន្តចូលរួមផ្សព្វផ្សាយ និងបំផុលចលនាកៀរគរការបរិច្ចាគ នៅតាមបណ្ដាហគមន៍ខ្មែរ នៅសាធារណរដ្ឋបារាំងឱ្យបានកាន់តែទូលំទូលាយ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាល និងមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា និងស្របតាមគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការផ្ដល់ការថែទាំសុខភាពឆ្ពោះ ទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា៕