(ស្វីស)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Deborah FRANCE-MASSIN ប្រធានការិយាល័យសកម្មភាពនិយោជក (ACT/EMP) នៃអង្គការអន្តរជាតិខាងការងារ កាលពីរសៀលម៉ោង៣៖៣០នាទីថ្ងៃទី១២ ខែមិថុនាម្សិលមិញម៉ោងនៅប្រទេសស្វីស។ នេះជាជំនួបដែលបានធ្វើឡើងក្នុងអំឡុងពេលដែល លោករដ្ឋមន្តី្រ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ (ILO) ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងជំនួបនោះ លោក ហេង សួរ បានរំលឹកពីការជួយបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពដល់សហព័ន្ធនិយោជកកម្ពុជា កាលពីពេលកន្លងទៅ ដែលបានរួមចំណែកធ្វើឱ្យនិយោជកកម្ពុជា កាន់តែមានសមត្ថភាពខ្ពស់មួយកម្រិតបន្ថែមទៀត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ហេង សួរ ក៏បានគូសបញ្ជាក់ពីមហិច្ចតារបស់កម្ពុជាដែលចង់បាននូវការវិនិយោគ លើឧស្សាហកម្មដែលមានតម្លៃបន្ថែមដូចជាគ្រឿងយន្ត គ្រឿងម៉ាស៊ីន និងគ្រឿងបង្គុំជាដើម ខណៈដែលកម្ពុជាបានដាក់ចេញនូវគោលនយោបាយនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រី ក៏បានអះអាងដែរថា ទន្ទឹមនឹងតម្រូវការកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ កម្ពុជាក៏បាននិងកំពុងបង្កើតការងារសមរម្យសម្រាប់ប្រជាពលរដ្ឋផងដែរ។ ដែលសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពលក្ខខណ្ឌស្តង់ដារការងារតាមរយៈការទទួលស្គាល់នៃអនុសញ្ញារបស់អង្គការអន្តរជាតិ ខាងការងារជាដើម។

ត្រង់ចំណុចនេះ លោកស្រី Deborah FRANCE-MASSIN បានវាយតម្លៃខ្ពស់ចំពោះការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី អំពីភាពចាំបាច់នៃគម្លាតរវាងកម្មករនិយោជិត និងនិយោជកដែលជាចំណុចសំខាន់ក្នុងការបង្កើតបរិយាកាសការងារឱ្យល្អប្រសើរ ហើយលោកស្រីប្រធាន បានគូសបញ្ជាក់ថាភាគីលោកស្រី និងកម្មករនិយោជិត នឹងត្រូវតែធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិកាដើម្បីបង្កើតឱ្យបាននូវទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយភាពសុខសាន្ត។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ហេង សួរ ក៏បានថ្លែងអំណរគុណការិយាល័យសកម្មភាពវិនិយោគរបស់ ILO ចំពោះការចូលរួមគាំទ្រលើការអនុវត្តឱ្យជោគជ័យលើ សម្រាប់ភាពសុខសាន្ត ក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា៕