Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្ត៖ ភ្ញៀវទេសចរអាចចូលទស្សនារបាំក្ងោកប៉ៃលិន នៅមុខអាស្រមធំលោកយាយយ៉ាត រាល់ថ្ងៃសៅរិ៍អាទិត្យ ក្នុងឱកាសបុណ្យភ្ជុំបិណ្យខាងមុខ

16-09-2016 10:59

(ប៉ៃលិន)៖ លោក កើត សុធា អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំជាមួយក្រុមការងារ រមនីយដ្ឋានភ្នំយ៉ាត ក្នុងសាលាខេត្តបៃលិន ដើម្បីពិភាក្សារឿងដាក់ឱ្យមានការសម្ដែងរបាំក្ងោកប៉ៃលិន នៅអាស្រមធំរបស់លោកយាយយ៉ាត។

ក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានមូលមតិសម្រេចដាក់ឱ្យមានការសម្ដែងរបាំនេះ នៅរាល់ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ សម្រាប់ចែកជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរនានា បានចូលរួមទស្សនាកម្សាន្ត នាឱកាសបុណ្យភ្ជុំបិណ្យ ប្រពៃណីខ្មែរ ដែលនឹងចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខ។

ក្នុងឱ្យកាសនោះ លោកអភិបាលខេត្តបានឱ្យដឹងថា របាំក្ងោកប៉ៃលិន ជារបាំមួយដែលជាអត្តសញ្ញាណវប្បធម៌របស់ខេត្តប៉ៃលិន ហើយការសម្រេចសម្ដែងរបាំក្ងោកប៉ៃលិន នៅរាល់ថ្ងៃសៅរ៍ អាទិត្យនេះ គឺដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ បានទស្សនាកម្សាន្ត និងបានយល់ដឹងកាន់តែច្បាស់ពី ប្រពៃណីវប្បធម៌ដ៏ល្អរបស់ខេត្តប៉ៃលិន។

ក្នុងនោះដែរ ក្រុមការងាររមនីយដ្ឋានភ្នំយ៉ាត ក៏មានផែនការរៀបចំវង់ភ្លេងពិណពាទ្យមួយវង់ទៀត ប្រចាំការនៅអាស្រមលោកយាយយ៉ាត សម្រាប់ឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ អាចប្រគុំថ្វាយលោកយាយយ៉ាត ដែលជាអ្នកមានបារមីស័ក្កិសិទ្ធិក្នុងខេត្តប៉ៃលិន។

សូមបញ្ជាក់ថា ក្រុមការងាររមនីយដ្ឋានភ្នំយ៉ាត មានលោកស្រី ជា លាភ អភិបាលរងខេត្តបៃលិន ជាប្រធានក្រុមការងារ ដែលទើបតែបានបង្កើតឡើងដោយមានគណៈកម្មការជំនាញ ចំនួន៤ រួមមាន គណៈកម្មការសណ្តាប់ធ្នាប់, គណៈកម្មការទស្សនីយភាព, គណៈកម្មការទំនៀមទម្លាប់ និងគណៈកម្មការទេសចរណ៍ សម្រាប់ធ្វើការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់រមនីយដ្ឋានភ្នំយ៉ាតទាំងមូល ប្រកបដោយចីរភាព៕