(ត្បូងឃ្មុំ)៖ លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម និងក្រុមការងារសហការជាមួយអាជ្ញាធរភូមិ បានរៀបចំកម្មវិធីចែករទេះរុញ និងកាសជំនួយត្រចៀកជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពចំនួន៤នាក់ រស់នៅខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ចាប់ពីថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៤។

ជាពលរដ្ឋម្នាក់ដែលរស់រានពីរបបខ្មែរក្រហម លោក យិន សាន ឆ្នាំនេះមានវ័យ៨៧ឆ្នាំហើយ បច្ចុប្បន្នរស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ លោកបានឱ្យដឹងថា រទេះរុញនេះពិតជាមានសារសំខាន់បំផុតសម្រាប់លោក និងក្រុមគ្រួសារ។ លោកពិការជើងតាំងពីសម័យសង្រ្គាម ហើយធ្វើឲ្យប៉ះដល់ជីវភាពគ្រួសារ ព្រោះលោកមិនអាចចេញទៅធ្វើការងារដូចជាមនុស្សទូទៅបាន ណាមួយគ្មានអ្នកណាជួលធ្វើការងារឡើយ។ លោកពិការជើងខាងឆ្វេង និងងងឹតភ្នែកទាំងសងខាងរយៈពេល៥ឆ្នាំមកហើយ។

លោក យិន សាន បានបន្តថា ពេលលោកទទួលបានរទេះរុញ លោកអាចធ្វើដំណើរទៅលេងញាតិមិត្តបងប្អូននៅក្នុងភូមិ ពីព្រោះមួយរយៈពេលកន្លងមក លោកមិនដែលបានទៅណាមកណាទេ។ ចំពោះសុខភាពលោករាល់ថ្ងៃមិនប្រសើរទេ លោកមានជំងឺជាប្រចាំ ព្រោះរាងកាយទ្រុឌទ្រោម និងអាយុច្រើន។ ដោយសារតែសង្គ្រាម និងសម័យខ្មែរក្រហម ធ្វើឲ្យលោកពិបាក ហើយរាល់ថ្ងៃលោកគិតច្រើនណាស់។

លោកពិតជាត្រេកអរដែលមជ្ឈមណ្ឌលឯកសារកម្ពុជាផ្តល់រទេះរុញដល់លោកជាជនពិការ និងងងឹតភ្នែកទាំងសងខាង។ លោកគ្មានអ្វីក្រៅពីអរគុណទៅដល់ក្រុមការងារ និងមជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលយករទេះរុញមកជូនលោកដោយផ្ទាល់នេះ។

លោក ឯម ប៉ាន់ អាយុ៨៤ឆ្នាំ រស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបង្ហាញការសប្បាយចិត្តជាខ្លាំង និងពេញចិត្តចំពោះកាសជំនួយត្រចៀក ព្រោះលោកចាប់ផ្តើមស្តាប់មិនឮអស់រយៈពេល៦ឆ្នាំមកហើយ ប៉ុន្តែរយៈពេល២ឆ្នាំដំបូងអាចស្តាប់បានទាល់និយាយខ្លាំងៗ។

រយៈពេល៤ឆ្នាំចុងក្រោយនេះ លោកមិនដែលបានទៅវត្តស្តាប់ព្រះធម៌ទេ ពីព្រោះស្តាប់មិនឮ ប្រៀនដូចជាមនុស្សមិនដឹងអីទាំងអស់។ បន្ទាប់ពីបានកាសជំនួយត្រចៀក លោកនឹងទៅវត្តបន្តទៀតដើម្បីសូត្រធម៌ និងស្តាប់ព្រះសង្ឃទេសនា។ សម្រាប់កាសជំនួយត្រចៀកនេះវាពិតជាមានសារសំខាន់សម្រាប់លោកខ្លាំងណាស់ មិនពិបាកចិត្តក្នុងការសន្ទនាជាមួយកូនចៅញាតិមិត្ត។ ពីមុនទាល់និយាយខ្លាំងៗទើបលោកស្តាប់ឮ ម្យ៉ាងទៀតខ្ញុំខ្លាចរំខានដល់អ្នកជុំវិញខ្លួន ហើយពេលខ្លះកូនចៅក៏ធុញចំពោះលោកខ្លះដែរ។ កូនចៅទៅធ្វើការងារមកពីហត់ ហើយត្រូវមកពិបាកក្នុងការសន្ទនាជាមួយមនុស្សថ្លង់ដូចជាលោកទៀត។

លោក ឯម ប៉ាន់ បានថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការងារទាំងអស់បានផ្តល់កាសជំនួយចៀកដល់រូបលោក។ អរគុណសម្រាប់ការយកចិត្តទុកដាក់ដល់ជនពិការ និងមនុស្សចាស់ជរា។

អ្នកស្រី ប៉ូញ ទុំ អាយុ៧១ឆ្នាំ រស់នៅភូមិម្កោរថ្មី ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ព្រោះអ្នកស្រីអាចស្តាប់ឮដូចកាលពីមុន។ អារម្មណ៍មនុស្សថ្លង់តែងតែប្រែប្រួលជានិច្ច ដោយសារការស្តាប់មិនឮ ហើយចេះតែតូចចិត្តដែលគ្រួសារមិនសូវយកចិត្តទុកដាក់ចំពោះខ្លួន។ អ្នកស្រីថ្លង់ត្រចៀករយៈពេលយូរឆ្នាំហើយ ប៉ុន្តែឥឡូវមានកាសជំនួយត្រចៀកធ្វើឲ្យខ្ញុំអាចស្តាប់ឮឡើងវិញ ប្រៀបដូចជារស់ម្តងទៀត។ អ្នកស្រីស្តាប់មិនឮ អ្នកស្រីមិនមានអារម្មណ៍ល្អទេ ហើយពេលខ្លះកូនចៅនិយាយល្អតែអ្នកស្រីយល់ខុស។ កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកស្រីឈឺរហូតដាំបាយមិនកើត ទើបហៅប្អូននៅខាងកើតផ្ទះមកជួយដាំបាយឲ្យ។ ចុងក្រោយអ្នកស្រីចង់បានរបស់ហូបចុក ពីព្រោះខ្ញុំមិនអាចដើរទៅណាមកណាបាន ព្រោះងងឹតភ្នែក និងថ្លង់។

លោក ម៉ៅ ជិន អាយុ៩០ឆ្នាំ រស់នៅភូមិឃ្សឹម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បានឱ្យដឹងថា លោកចាប់ផ្ដើមថ្លង់ និងញ័រសរសៃនៅឆ្នាំ២០២០ បើគិតទៅមានរយៈពេល៥ឆ្នាំហើយ។ លោកពិតជាពិបាករស់នៅណាស់ ព្រោះពេលកូនចៅនិយាយ លោកស្ដាប់មិនឮពិបាកក្នុងចិត្តដេកចាំតែថ្ងៃស្លាប់។ ថ្ងៃនេះ លោកពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានផ្ដល់កាសជំនួយត្រចៀកដល់រូបលោក។

លោក ម៉ៅ ជិន ពិតជាត្រេកអរខ្លាំងណាស់ដែលអាចស្ដាប់ឮដូចកាលពីមុនវិញ ព្រោះលោកស្ដាប់មិនឮរយៈពេល៤ឆ្នាំមកហើយ។ ប៉ុន្តែពេលនេ លោកអាចឮ និងអាចនិយាយជាមួយកូនចៅក្នុងគ្រួសារ និងបងប្អូនញាតិមិត្តរស់នៅក្នុងភូមិបាន។ កាសជំនួយត្រចៀកនេះអាចឲ្យលោកមានទំនាក់ទំនងប្រចាំថ្ងៃជាមួយអ្នកនៅជុំវិញខ្លួនបានល្អប្រសើរ។ លោកក៏បានថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានផ្ដល់កាសជំនួយត្រចៀកមកដល់រូបលោកដូច្នេះ៕