(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងបញ្ជាក់ថា សកម្មភាពរបស់សិល្បករ-សិល្បការិនី ពិតជាមានឥទ្ធិពល ដែលអាចជួយបញ្ជ្រាបសារអំពីហានិភ័យនមេរោគអេដស៍ វិធីបង្ការការពារ ការព្យាបាលថែទាំ និងការមិនមាក់ងាយ និងមិនរើសអើងអ្នកផ្ទុកមេរោគអេដស៍ ឲ្យដល់ប្រជាជនទូទៅ ជាពិសេសដល់ក្រុមយុវវ័យ បានប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រៅពីការងារបញ្ជ្រាបការយល់ដឹងដល់មហាជន ឲ្យចេះបង្ការការពារ យើងត្រូវខិតខំស្វែងរកអ្នកបាត់មុខ ឬអ្នកសង្ស័យថាផ្ទុកមេរោគអេដស៍ប្រមាណ ១១,០០០នាក់ ឲ្យមកតេស្តរកមេរោគអេដស៍ឲ្យទាន់ពេលវេលា ដែលជាកត្តាមិនទាន់ឲ្យយើងឈានទៅសម្រេចគោលដៅតាមការរំពឹងទុក។

ការថ្លែងរបស់លោកទេសរដ្ឋមន្ត្រី គឺបានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធី «សិក្ខាសាលាអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងជំងឺអេដស៍ជូនដល់សិល្បករ-សិល្បការិនី» នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ នៅភោជនីយដ្ឋានទន្លេបានសាក់២ ដោ​យមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ, លោក ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ ព្រមទាំងសិល្បករ-សិល្បការិនី និងមន្ត្រីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាច្រើននាក់។

លោកទេសរដ្ឋមន្ត្រី អៀង មូលី បានថ្លែងបន្តថា លោកពិតជាមានសេចក្តីសោមនស្សរីករាយជាអតិបរិមា ដែលបានមកចូលរួមធ្វើជាអធិបតីនៃសិក្ខាសាលាអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងជំងឺអេដស៍ ដល់សិល្បករ-សិល្បការិនីនៅថ្ងៃនេះ។ លោកសូមថ្លែងអំណរគុណចំពោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករ ដែលបានឆ្លៀតឱកាសចូលរួមដោយផ្ទាល់ ជាមួយយើងទាំងអស់គ្នា នៅក្នុងសិក្ខាសាលាដ៏មានសារៈប្រយោជន៍នេះ ដែលបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ របស់លោកជំទាវអ្នកឧកញ៉ា ចំពោះបញ្ហាសង្គម និងសុខុមាលភាពរបស់សិល្បករ-សិល្បការិនីនៃយើង។
លោកទេសរដ្ឋមន្ត្រី ក៏សូមអរគុណគ្រួសារតារាកម្ពុជា ដែលមានលោក ផាត់ តារារដ្ឋ ជាស្ថាបនិកចំពោះការរៀបចំកម្មវិធីនេះឡើង ជាឱកាសផ្ដល់ដល់យើងខ្ញុំនៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីផ្សព្វផ្សាយអំពីមេរោគអេដស៍ និងជំងឺអេដស៍ ដែលមិនទាន់បានត្រូវបញ្ចប់ទេ ហើយដែលនៅតែជាហានិភ័យដល់សុខភាពសាធារណៈនៅកម្ពុជានៅឡើយ។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា វត្តមានរបស់ពិធីករ-ពិធីការិនី តារាសម្ដែង តារាចម្រៀង តារាកំប្លែង ចំពោះការចូលរួមក្នុងសិក្ខាសាលានេះ បានបញ្ជាក់នូវការយកចិត្តទុកដាក់របស់សិល្បករ-សិល្បការិនី ក្នុងការទប់ស្កាត់ការរីករាដាលនៃមេរោគអេដស៍។ លោកទេសរដ្ឋមន្ត្រី ក៏សូមអរគុណផងដែរ ចំពោះតំណាងអង្គការសង្គមស៊ីវិល ដែលមានវត្តមាននៅពេលនេះ គឺអង្គការ AHF និងអង្គការ FHI 360។ ការងារប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវការសមគោរពជនឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន គឺពីរាជរដ្ឋាភិបាល ពីអង្គការសង្គមស៊ីវិលជាពិសេសពីប្រជាជនទូទៅ។ ដើម្បីឲ្យប្រជាជនទូទៅចូលរួមជាមួយយើងបាន វិស័យសិល្បៈមានតួនាទីសំខាន់បំផុត។ យើងចង់ឲ្យប្រជាជនយើងយល់ដឹងថា កម្ពុជាមិនទាន់អស់អេដស៍ទេ អេដស៍អាចផ្ទុះឡើងវិញគ្រប់ពេលវេលា ប្រសិនបើយើងមានការធ្វេសប្រហែស។ យើងចង់ឲ្យអ្នកសង្ស័យថាផ្ទុកមេរោគអេដស៍ ប្រញាប់មកធ្វើតេស្តរកមេរោគអេដស៍ ដើម្បីព្យាបាលឱ្យទាន់ពេលវេលា។ យើងចង់ឲ្យក្រុមយុវវ័យអាយុក្រោម ២៤ឆ្នាំ យល់ដឹងស៊ីជម្រៅអំពីមេរោគអេដស៍ និងចេះការពារខ្លួនកុំឲ្យឆ្លងអេដស៍។ យើងចង់បំបាត់ការមាក់ងាយ និងការរើសអើងអ្នកផ្ទុកមេរោគអេដស៍ឲ្យអស់ពីកម្ពុជា។ យើងមិនចង់ឲ្យមានការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នានោះទេ។

លោកទេសរដ្ឋមន្ត្រី អៀង មូលី ជឿជាក់ថា តាមរយៈការចូលរួមត្រងត្រាប់ស្ដាប់បទបង្ហាញនេះ ហានិភ័យនៃមេរោគអេដស៍ និងតាមរយៈសកម្មភាពក្នុងគ្រប់ទម្រង់សិល្បៈបងប្អូន កូនក្មួយអ្នកសិល្បៈទាំងអស់ នឹងកាន់តែយល់ដឹងថែមទៀត អំពីការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងបំបាត់ឲ្យអស់នូវការរើសអើងអ្នកផ្ទុកមេរោគអេដស៍ពីកម្ពុជា៕