(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីសមត្ថកិច្ចបានយក «លិខិតឲ្យដំណឹងអំពីសាលក្រមការដាក់ពន្ធនាគារលោក កឹម សុខា» ប្រគល់ជូនលោក សំ សុគង់ មេធាវីការពារក្តីលោក កឹម សុខា នៅផ្ទះក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក, នៅពេលនេះត្រូវបានលោក សំ សុគង់ មេធាវីការពារក្តីលោក កឹម សុខា បានអះអាងប្រាប់ថា ក្រុមមេធាវីនឹងដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍នៅអំឡុងខែក្រោយ មុនសាលក្រមចូលជាស្ថាពរ​ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ។

លោក សំ សុគង់ បានថ្លែងថា លិខិតឲ្យដំណឹងអំពីសាលក្រមរបស់តុលាការនេះ គឺគិតចាប់រាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៦ ខែតុលា ប្រសិនបើភាគីណាមួយមិនប្តឹងឧទ្ធរណ៍ទេ នឹងចូលជាស្ថាពរ។ លោក សំ សុគង់ បានបញ្ជាក់ថា ការដាក់ពាក្យបណ្តឹងប្រឆាំងនឹងសាលក្រមនេះ អាចនឹងដាក់នៅអំឡុងខែក្រោយ ពោលគឺរយៈពេល៣សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះ។

សូមជំរាបថា មន្រ្តីនគរបាលមួយរូប ដែលបានយក «លិខិតឲ្យដំណឹងអំពីសាលក្រមការដាក់ពន្ធនាគារលោក កឹម សុខា» ទៅផ្ទះរបស់លោក កឹម សុខា បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី១៦​ ខែកញ្ញានេះថា លោក សំ សុគង់ មេធាវីការពារក្តីរបស់លោក កឹម សុខា បានមកទទួលយកលិខិតឲ្យដំណឹងអំពីសាលក្រមនេះហើយ។ បន្ទាប់ពីសមត្ថកិច្ចខណ្ឌទួលគោក បានយកលិខិតឲ្យដំណឹងពីសាលក្រម អំពីការ «ផ្តន្ទាទោសដាក់ពន្ធនាគារលោក កឹម សុខា កំណត់០៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល» ទៅដល់ផ្ទះលោក កឹម សុខា ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅលិខិតឲ្យដំណឹងនេះបានឲ្យដឹងថា៖ សម្រេចផ្តន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគារកំណត់០៥(ប្រាំ)ខែ និងពិន័យជាប្រាក់ចំនួន៨០០.០០០(ប្រាំបីសែន)រៀល ពីបទបដិសេធក្នុងការចូលខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦​ខែឧសភា ឆ្នាំ២០១៦ បទល្មើសដែលមានចែង និងឲ្យផ្តន្ទាទោសតាមមាត្រា ៥៣៨ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ សាម៉ីខ្លួន មានសិទ្ធិចូលមកប្តឹងឧទ្ធរណ៍ក្នុងរយៈពេល១ខែ គិតពីថ្ងៃទទួលបានលិខិតជូនដំណឹងនេះ​។

អ្នកនំាពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចឲ្យដឹងថា យោងតាមលិខិតឲ្យដំណឹងអំពី «សាលក្រមការដាក់ពន្ធនាគារលោក កឹម សុខា» និងការជូនដំណឹងរបស់សមត្ថកិច្ចតាមច្បាប់ដែលធ្វើនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ, ដូច្នេះសាលក្រមសាលាដំបូងរាជធានីភ្នំពេញ នឹងត្រូវចូលជាស្ថាពរនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ ប្រសិនបើសាម៉ីខ្លួនមិនប្តឹងឧទ្ធរណ៍៕