(ពោធិ៍សាត់)៖ សមិទ្ធផលនានា ក្នុងវត្តសុភីរាម (ហៅវត្តបន្ទាយត្រោក) ស្ថិតក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលមានតម្លៃសរុបប្រមាណ ១២៥,៩២០,០០០រៀល និង៤៣២,១៧៨ដុល្លារសហរដ្ឋអាមេរិក ត្រូវបានសម្ពោធឆ្លង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងលោក ភួ ពុយ តំណាងរាស្ត្រមណ្ឌលបាត់ដំបង។

លោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្តៀង បានឱ្យដឹងថា វត្តសុភីរាម ហៅវត្តបន្ទាយក្រោក ជាវត្តចំណាស់មួយ ដែលស្ថិតក្នុងភូមិបន្ទាយត្រោក ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ វត្តសុភីរាមនេះ ត្រូវបានកសាងឡើងជាថ្មី ដោយព្រះតេជគុណ ខុង ម៉ូវ ក្នុងឆ្នាំ១៨៨០ នៅលើទីវត្តចាស់ ដែលមានអាយុកាល ជាង២០០ឆ្នាំមុន។ ដោយនៅលើទីទួលវត្តចាស់នោះ មានដើមសុភីជាច្រើនដើម ទើបព្រះតេជគុណ ខុង ម៉ូវ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានសន្មតិជាឈ្មោះថា វត្តសុភីរាម ហើយឈ្មោះនេះ ត្រូវបានប្រើប្រាស់រហូតដល់សព្វថ្ងៃនេះ។ វត្តសុភីរាម រាប់ចាប់ផ្តើមពីការកសាងរហូតដល់បច្ចុប្បន្ន មានព្រះគ្រូចៅអធិការ ចំនួន១០អង្គ ហើយបច្ចុប្បន្ននេះ មានព្រះគ្រូចៅអធិការ ព្រះនាមព្រះតេជគុណ ធម្មាភិរតោ មិន ភក្តី។

លោកអភិបាលស្រុកបន្ថែមថា សមិទ្ធផលដែលត្រូវដាក់សម្ពោធឆ្លងនាថ្ងៃនេះ រួមមាន៖ ការជួសជុលខឿនព្រះវិហារ, ការកសាងរបងខាងជើងព្រះវិហារ, ការចាក់សាបក្បែររបងខាងជើងព្រះវិហារ, កសាងដងទង់ បង្គោលភ្លើង ក្រាលការ៉ូឡា និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ដែលសរុបការចំណាយអស់ ១២៥,៩២០,០០០រៀល និង ៤៣២,១៧៨ដុល្លារ អាមេរិកគត់។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានជម្រាបជូនថា លោកពិតជាមានមោទនភាពបំផុត ជាមួយនឹងសមិទ្ធផលដែលកើតចេញពីកម្លាំងសាមគ្គី របស់សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ បានចូលរួមកសាង ឱ្យកើតចេញជាសមិទ្ធផលទាំងនេះឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើង។ យ៉ាងណាមិញសមិទ្ធផល ដែលកើតមានចំពោះមុខយើងនេះ មិនមែនកើតឡើងដោយឯងៗនោះទេ គឺដោយសារគុណបំណាច់នៃសន្តិភាព ទើបយើងអាចអភិវឌ្ឍបានសព្វបែបយ៉ាង។ យើងទាំងអស់គ្នា ត្រូវចង់ចាំ និងគោរពដឹងគុណជានិច្ច ចំពោះវីរភាពគំរូ និងបិតានយោបាយ ឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បាននាំមកនូវសន្តិភាព ជូនប្រជាជនកម្ពុជាទាំងមូល។

លោកសូមថ្លែងអំណរគុណ ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឆន្ទៈ ក្នុងការកសាងប្រទេស ឱ្យមានការអភិវឌ្ឍ និងរីកចម្រើន ស្របតាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១។ ជាមួយគ្នានោះ លោកសូមអរគុណ ចំពោះលោក ភួ ពុយ ព្រមទាំងសប្បុរសជនផ្សេងទៀត ដែលបានចំណាយធនធានផ្ទាល់ខ្លួន ក្នុងការចូលកសាងវិស័យពុទ្ធចក្រ និងអាណាចក្រ ឱ្យមានការីកចម្រើន ដើម្បីបម្រើឧត្តមប្រយោជន៍ ក្នុងវិស័យពុទ្ធសាសនា។ បន្ថែមពីនោះ លោកសូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែង របស់ព្រះចៅអធិការគ្រប់ជំនាន់ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលតែងតែលះបង់ពេលវេលា និងធនធាន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន និងដោះស្រាយបញ្ហាផ្សេងៗ ពិសេសបានផ្តល់នូវជំនឿជឿជាក់ រួបរួមសាមគ្គី ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្ត សម្រាប់ទុកជាទីសេនាសនៈដ៏គាប់ប្រសើរ ក្នុងវិស័យព្រះពុទ្ធសាសនា។

លោក ខូយ រីដា បានលើកឡើងថា ដោយសង្កេតឃើញអំពីបញ្ហាគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង គឺនៅតែកើតមានឡើងនៅតាមមូលដ្ឋាន ដូចនេះលោកសូមឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់ បន្តពង្រឹងការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសឆ្លើយតបតាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលយើង។

ក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានចូលរួមបច្ច័យកសាងសមិទ្ធផលក្នុងវត្ត ចំនួន៤លានរៀល ព្រមទាំងបន្តដាំដើមពោធិ៍ព្រឹក និងរាប់បាតប្រគេនព្រះសង្ឃ មកពីបណ្តាវត្ត ក្នុងស្រុកកណ្តៀង សរុបចំនួន២១៥អង្គផងដែរ៕