(ត្បូងឃ្មុំ)៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ, សមាគមអតីតយុទ្ធជនកម្ពុជា, អនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ អន្លង់វែង, រដ្ឋបាលខេត្តឧត្ដរមានជ័យ ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ ជូនយុទ្ធជន យុទ្ធនារី និងរំលឹកខួបអនុស្សាវរីយ៍លើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ X16។

ក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិនៃយើង គណៈកម្មការអន្តរក្រសួង នឹងរៀបចំពិធីដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ ចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅមហាចេតិយតំបន់ ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ពិធីរំលឹកខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤» នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕