(ភ្នំពេញ)៖ ក្នុងនាមកម្ពុជា ជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្ដីពី ពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាស្ដីពីការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់ មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន (អនុសញ្ញាអូតាវ៉ា) លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និង ជាអនុប្រធានទី១ អាជ្ញាធរមីន តាងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន នឹងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួម កិច្ចប្រជុំពាក់ព័ន្ធមួយចំនួននៃអនុសញ្ញាអូតាវ៉ា ចាប់ពីថ្ងៃទី១៥-២៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស និងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា កិច្ចប្រជុំពាក់ព័ន្ធ រួមមាន៖

* ថ្ងៃទី១៨-២១ ខែមិថុនា លោកបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដឹកនាំកិច្ច ប្រជុំពាក់កណ្តាលអាណត្តិ (Intersessional Meetings) និងកិច្ចប្រជុំត្រៀមលើកទី១ នៃកិច្ច ប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីពិភាក្សាពីឯកសារសំខាន់ៗទាំងបីរួមមាន៖ របាយការណ៍នៃការ អនុវត្តផែនការសកម្មភាពទីក្រុងអូស្គូ(២០២០-២០២៤) ផែនការសកម្មភាពសៀមរាប-អង្គរ (២០២៥-២០២៩) និងសេចក្ដីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ដែលនឹងត្រូវដាក់ជូន ទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នៅដើមខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។

*ថ្ងៃទី២៤-២៦ ខែមិថុនា តបតាមការអញ្ជើញពីភាគីចក្រភពអង់គ្លេស លោកបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ចូលរួមកិច្ចពិភាក្សាកម្រិតនយោបាយ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដើម្បីធានាភាពជោគជ័យនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។

បន្ថែមលើនេះ លោកបណ្ឌិត ទេសរដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារជាមួយក្រុមការងារអង្គភាព គាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា(ISU) និងជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូត/រដ្ឋទូតនានា ដើម្បីស្វែងរកការគាំទ្របន្ថែមលើវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំពាក់កណ្តាលអាណត្តិ (Intersessional Meetings) នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស តំណាងវិស័យឯកជននៅកម្ពុជាមួយចំនួន នឹងអមដំណើរ លោកបណ្ឌិត ទេសរដ្ឋមន្ត្រី ដើម្បីចូលរួមជាវាគ្មិនក្នុងព្រឹត្តិការណ៍អម ស្តីពីភាពជាដៃគូនៃវិស័យឯកជនឆ្ពោះទៅរក ពិភពលោកមួយដែលគ្មានមីន ដែលសហគមន៍អន្តរជាតិបានចាត់ទុកកម្ពុជា ជាករណីជោគជ័យមួយដោយ មានវិស័យឯកជន បានចូលរួមយ៉ាងសំខាន់ក្នុងវិស័យសកម្មភាពមីន៕