(ព្រៃវែង)៖ លោក ឃួន ពាត សមាជិកគណៈកម្មាធិការប្រតិបត្តិ និងជាបេក្ខជនសមាជិកព្រឹទ្ធសភាមកពីគណបក្សកម្លាំងជាតិ ខេត្តព្រៃវែង បានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ហើយគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាវិញ។

តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ឃួន ពាត បានបញ្ជាក់បែបនេះថា «ខ្ញុំបាទសូមប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ចាប់ពីពេលនេះតទៅ និងស្នើសុំសម្ដេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។

ជាមួយគ្នានេះ លោកបានប្រកាសថ្កោលទោសទណ្ឌិត សម រង្ស៉ី ដែលតែងធ្វើនយោបាយទុច្ចរិត ភូតកុហក ទប់ស្កាត់អ្នកវិនិយោគមិនឲ្យមករកស៉ីនៅស្រុកខ្មែរ ហើយថ្មីៗនេះ បានប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាការបំផ្លាញផលប្រយោជន៍ជាតិ៕