(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅវេលាទាបភ្លឺថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចបុរី សុខ ចំរើន ផ្ទះលេខ១៧C ផ្លូវបេតុង ភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ​ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៣គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន ស្មើរនឹង១៨ម៉ែត្រគូប​ និងរថយន្តជំនួយមកពីអង្គភាព៩១១ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើរនឹង០៨ម៉ែត្រគូប, រថយន្តរបស់កងពលតូចលេខ៧០ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន ស្មើរនឹង១២ម៉ែត្រគូប និងរថយន្តសាលាខណ្ឌកំបូល ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ​ ថ្មបេតុង ទំហំ (៤.២ម៉ែត្រ x ១៤.៥ម៉ែត្រ) ឆេះខូចខាតផ្ទះ ទំហំ ៤.២ម៉ែត្រ x ១៤.៥ម៉ែត្រ ចំនួន១ល្វែង, រថយន្តម៉ាក ដេស VIP ០១គ្រឿង, ម៉ូតូចំនួន៤គ្រឿង រួមទាំងសម្ភារៈមួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ៤និង០០នាទីទៀបភ្លឺនាថ្ងៃដដែល។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីការឆ្លង​ចរន្តអគ្គីសនី បង្កជាអគ្គិភ័យ តែមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕