(បាត់ដំបង)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានសហការជាមួយលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២៤ នេះបានបន្តធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្ដីពីការលើក កម្ពស់សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក និងបរិយាប័ន្ននៅកម្ពុជា ដល់សិស្សានុសិស្ស នៃវិទ្យាល័យព្រះមុនីវង្ស ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានការ ចូលរួមពី លោកគ្រូ អ្នកគ្រូសិស្សានុសិស្សប្រមាណ ៣,៧០៩នាក់/ស្រី១៩៧០ នាក់ នៅពេលគោរពទងជាតិ។

ពិធីនេះបានធ្វើឡើងក្នុងគោលដៅចូល រួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដើម្បីធ្វើការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនានា ខណៈបញ្ហានេះបាននិង កំពុងក្លាយទៅជាប្រធានបទមួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលត្រូវទាមទារឲ្យមាន ការចូលរួមគោរពច្បាប់ ចរាចរណ៍ឱ្យបានគ្រប់គ្នា ។

យុទ្ធនាការដែរនេះ មានគោលបំណង ដើម្បីពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសសិស្សានុសិស្ស ឲ្យមានការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ ។

លោក ង៉ែត អ៊ំ ប្រធានការិយាល័យចរាចរណ៍នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបាត់ដំបង តំណាងលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានសម្តែងនូវការព្រួយបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងបានសំណូមពរឲ្យអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិអាទិភាព ហើយក្នុងពេលធ្វើដំណើរត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវនៅពេលបើកបររថយន្ត និងត្រូវពាក់មួកសុវត្ថិភាព នៅពេលធ្វើដំណើរតាមម៉ូតូដោយមិនគិតទីជិត ឬទីឆ្ងាយឡើយ ។

លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានថ្លែងផ្តាំផ្ញើសួរសុខទុក្ខពីលោក សុខលូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក។ ជាមួយគ្នានេះ លោកនាយករងសាខា បានថ្លែងថា «កាកបាទក្រហមកម្ពុជា ធ្វើសកម្មភាពមនុស្សធម៌ស្របតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ហើយកាកបាទក្រហមកម្ពុជា គឺជាជំនួយការអាជ្ញាធរសារណៈក្នុងវិស័យមនុស្សធម៌»

លោក នាយករងសាខា បានផ្សព្វផ្សាយលើប្រធានបទខួបទី១៦១ ទិវាភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីស
ហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ព្រោះជាប្រធានបទដ៏មានសារ´សំខានក្នុងពេលបច្ចុប្បន្ននេះបញ្ហាសុខភាពរបស់ប្រជាជនកម្ពុជា មានការកើនឡើងជាពិសេសជំងឺមិនឆ្លងទាំង៤ធំគឺ ជំងឺទឹកនោមផ្អែម ជំងឺមហារីកជំងឺសសៃឈាមបេះដូងនិងជំងឺរលាកផ្លូវដង្ហើមរុំារ៉ៃ ហើយការប្រែប្រួលអាសកាសធាតុ កាកបាទក្រហមកម្ពុជា បានចុះអប់រំផ្សព្វផ្សាយ និងធ្វើសកម្មភាពដាំដើមឈើ ទាំងទីស្នាក់ការកណ្តាល សាខាកាកបាទក្រហមកម្ពុជា រាជធានី ជាពិសេសខេត្តបាត់ដំបង ទន្ទឹមនឹងនេះ លោកនាយករងសាខាបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចូលរួមដាំដើមឈើ យ៉ាងហោចណាស់១នាក់ដាំបាន១ដើម។

លោកបានលើកឡើងពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមពាក្យស្លោក ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ និងគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិក ដែលវាផ្តល់ផលអាក្រក់ខ្លាំងដល់បរិស្ថាន និងសភាវៈមានជីវិតទាំងអស់នៅលើភពផែនដី ពិសេសធ្វើឲ្យផែនដីឡើងកំដៅ វាត្រូវការចំណាយពេលរហូតដល់ទៅរាប់សិបឆ្នាំ ទើបអាចរលាយបាន មិនតែប៉ុណ្ណោះការដុតកាកសំណល់ថង់ប្លាស្ទិក ក៏មានផលប៉ះពាល់ខ្លាំងដល់បរិស្ថាន និងសុខភាព មនុស្ស សត្វ ផងដែរ ដោយនៅក្នុងផ្សែងដែលចេញពីការដុតនោះមានផ្ទុកសារធាតុឌីអុកស៊ីត ដែលជាភ្នាក់
ងារបង្កជំងឺមហារីក និងបំផ្លាញស្រទាប់អូហ្សូន ដូចនេះ ដើម្បីចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងជីវិតទាំងឡាយនៅលើភពផែនដី យើងទាំងអស់គ្នាត្រូវចូលរួម ក្នុងការបញ្ឈប់ការ ប្រើប្រាស់ថង់ប្លាស្ទិក ។

ក្នុងឱកាសនោះក្រុមការងារក៏បានណែនាំឲ្យសិស្សានុសិស្សទាំងអស់ចៀស ឲ្យឆ្ងាយពីគ្រឿងញៀន សូមកុំជឿតាមការអូសទាញពីមិត្តភ័ក្ត ឬនរណាម្នាក់ឡើយ សូមកុំចង់ដឹង ចង់សាកឲ្យសោះ ព្រោះថា គ្រឿងញៀនវាធ្វើឲ្យយើង បាត់បង់នូវសមត្ថភាព ក្នុងការពិចារណាថាអ្វីខុស អ្វីត្រូវ និងមិនអាចគ្រប់គ្រងខ្លួនឯងបាន ដែលឈានទៅដល់ការប្រព្រឹត្តនូវអំពើអប្បាយមុខផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់អនា
គតខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះក្រុមការងារបានរៀបចំជាសំណួរចម្លើយ ដល់សិស្សានុសិស្សហើយអ្នកឆ្លើយសំណួរត្រូវនឹងទទួលបានមួកសុវត្ថិភាព១ ព្រមទាំងបានចែកជូនឯកសារពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ជាច្រើនទៀតផងដែរ៕