(សៀមរាប)៖ ក្រោមការជួយឧបត្ថម្ភគាំទ្រពីអង្គការភ្លែនអន្តរជាតិ សាលាបឋមសិក្សាប្រាសាទគោល នៅស្រុកអង្គរជុំ ដែលជាសាលាគំរូមួយនៅក្នុងខេត្តសៀមរាប បានបង្កើតជាសួនសិក្សា ដើម្បីជួយដល់សិស្សក្រៅពីការរៀនទ្រឹស្តីក្នុងថ្នាក់ អាចចុះអនុវត្តន៍ផ្ទាល់នៅក្នុងសួនសិក្សាតែម្តង ហើយអ្វីដែលពិសេសនោះ គឺទទួលបានបន្លែធម្មជាតិ ដើម្បីឱ្យសិស្សចូលផ្ទះបាយ រៀនធ្វើម្ហូប និងទទួលទានអាហារប្រចាំថ្ងៃ។

នៅក្នុងបេសកកម្មរបស់ក្រុមអ្នកសារព័ត៌មាន ដែលបានចុះទៅដល់សាលាបឋមសិក្សាប្រាសាទគោល នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោកគ្រូ ឌឿន ឌឿប គ្រូបង្រៀននៅសាលាបឋមសិក្សាប្រាសាទគោល បានឱ្យដឹងថា ការរៀបចំសួនបន្ថែនេះ ធ្វើឡើងដើម្បីផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តផ្ទាល់ ដើម្បីឱ្យសិស្សងាយយល់ក្នុងការរៀនសូត្រ តាមរយៈការចូលអនុវត្តន៍ជាក់ស្តែងក្នុងសួនសិក្សានេះ។

លោកគ្រូ ឌឿន ឌឿប បានបន្ថែមថា សួនសិក្សានេះ មានរៀបចំជាផ្ទៃក្រឡាផ្សេងៗ ដើម្បីឱ្យសិស្សអាចយកម៉ែត្រវាស់តាមជាក់ស្តែងបាន ហើយក្នុងរង្វង់ផ្ទៃក្រឡានេះ គឺធ្វើការដាំដំណាំ ហើយសម្រាប់ដំណាំដែលបានមកពីក្នុងសួននេះ គឺបានយកដាក់នៅក្នុងផ្ទះបាយសាលា ដើម្បីឱ្យកូនសិស្សមានបំនិនចេះរៀនចម្អិនម្ហូបអាហារ ទាំងកូនសិស្សស្រី និងកូនសិស្សប្រុស ដែលមានគ្រូដឹកនាំបង្រៀនផ្ទាល់។

លោកគ្រូ ឌឿន ឌឿប បានបន្ថែមថា សួននេះដែរមិនត្រឹមតែជួយកូនសិស្សឱ្យបានអនុវត្តមេរៀននោះទេ ថែមទាំងជួយឱ្យពួកគេមានបំបិនចេះដាំបន្លែធម្មជាតិ ដោយមិនប្រើប្រាស់សាធាតុគីមី និងអាចយកទៅអនុវត្តដាំនៅផ្ទះខ្លួនឯងផងដែរ៕

ខាងក្រោមនេះជាវីដេអូទាំងស្រុងលោកគ្រូ ឌឿន ឌឿប៖