(ភ្នំពេញ)៖ បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា មកដល់ពេលនេះ កូនឈើដែលបានបណ្តុះនៅថ្នាលបណ្តុះកូនឈើមានជាង ១លាន ៣សែនដើមហើយ បន្ទាប់ពីការអនុវត្តផែនការបណ្ដុះដើមឈើ តាំងពីខែតុលា ឆ្នាំ២០២៣ សម្រាប់ចែកជូនប្រជាពលរដ្ឋ និងសិស្សានុ សិស្សយកទៅដាំនៅតាមទីសាធារណៈ និងសហគមន៍ ដើម្បីបង្កើនភាពបៃតង ក៏ដូចជាសំដៅបង្កើនគម្របព្រៃឈើកម្ពុជា ឱ្យបានចំនួន៦០ភាគរយ នៅឆ្នាំ២០៥០។

ការឱ្យដឹងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងក្នុងកិច្ចផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី «ប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា» រវាងក្រសួង បរិស្ថាន និងក្រុមហ៊ុន ភេសជ្ជៈ កូកាកូឡា កម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នាទីស្ដីការក្រសួងបរិស្ថាន។

ជាមួយនឹងការបណ្តុះកូនឈើបានជាង១លាន ៣លាន ៣សែនដើមនេះ ត្រូវបានលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន គូសបញ្ជាក់ថា យុទ្ធនាការដាំដើមឈើមួយលានដើមក្នុងមួយឆ្នាំក៏មិនទាន់អាចគ្រប់គ្រាន់ក្នុងការបង្កើត គំរបព្រៃឈើឡើងវិញឱ្យបាន៦០% នៅឆ្នាំ២០៥០ខាងមុន នៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែសូមចូលរួមដាំដើមឈើឱ្យបានច្រើន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «យុទ្ធនាការដាំដើមឈើយ៉ាងតិច១លានដើម ក្នុងមួយឆ្នាំ ដើម្បីបានកូនឈើទៅដាំដុះក្រសួងបរិស្ថានបានឱ្យមន្ទីបរិស្ថាទាំង ២៥រាជធានី ខេត្ត ចូលរួមបណ្តុះរហូតមកដល់ពេលនេះ បានជាង ១លាន ៣សែន (ចាប់ផ្តើមពីខែតុលា ឆ្នាំ២០២៣) ដើមហើយ»

លោករដ្ឋមន្ត្រីបានបន្តថា ជាក់ស្តែងការចុះហត្ថលេខានេះ គឺដើម្បីទទួលយកក្នុងភាពជាដៃគូលើការជួយបំពាក់ប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យរបស់វិស័យឯកជនមួយនេះ សម្រាប់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់នៅខេត្តត្បូងឃ្មុំ ក្នុងទំហំផ្ទៃដី ៣ហិកតា ដែលអាចបណ្ដុះកូនឈើបាន១លានដើម ក្នុងមួយឆ្នាំ។ ប្រព័ន្ធស្រោចស្រពដើរដោយថាមពលព្រះអាទិត្យនេះ អាចធានាអាយុកាលបានរហូតដល់ ២៥ឆ្នាំ។

ពាក់ព័ន្ធនឹងការដាំដើមឈើនេះដែរ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា៖ «ដាំដើមឈើមួយឆ្នាំ១លានដើមនេះ មិនទាន់គ្រប់គ្រាន់ទេក្នុងការពង្រីក គំរបព្រៃឈើនៅកម្ពុជាយើងឱ្យបានឈានដល់ជាង៦០% នៅឆ្នាំ២០៥០ ដូចដែលបានដាក់ចុះក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល»

លោកបណ្ឌិត បានបញ្ជាក់ថា កូនឈើជាង១លាន ៣សែនដើមនេះ បាននឹងកំពុងនៅក្នុងស្ថានីយបណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥ កន្លែងនៅក្នុងខេត្តកំពង់ស្ពឺ កោះកុង សៀមរាប មណ្ឌលគិរី និងត្បូងឃ្មុំ ដើម្បីទុកចែកជូនប្រជាពលរដ្ឋយកទៅដាំតាមគេហដ្ឋាន សាលារៀន វត្តអារាម និងតាមសហគមន៍តំបន់ការពារធម្មជាតិ។

ស្ថានីយបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ខេត្តនេះ មានផ្ទៃដីសរុបប្រហែល៥៣ហិកតា ដោយមានសមត្ថភាពបណ្ដុះកូនឈើបានរហូត ១០លានដើម ក្នុងមួយឆ្នាំ ដោយមិនបូកបញ្ចូលកូនឈើ ដែលបានដាំដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋនោះទេ។ សម្រាប់កូនឈើដែលត្រូវចែកចាយដល់រាជធានីខេត្តដើម្បីដាំបន្តនឹងត្រូវរក្សាក្នុងថ្នាលរហូតដល់មានអាយុ៥ឆ្នាំសិន ទើបផ្តល់ការចែកចាយ។ ចំនួន១០លានដើមនេះមិនបានគិតបូក នឹងដើមឈើដែលត្រៀមនឹងចែកជូនសម្រាប់ដាំនោះទេ។ ការដាំដើមឈើនេះ គឺធ្វើឡើងដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសនោះសិស្សានុសិស្ស ចេះស្រឡាញ់បរិស្ថាន និងធម្មជាតិ៕