(ប៉ារីស)៖ អាជ្ញាធរបារំាងបានឱ្យដឹងថា ក្រុមបាតុករយ៉ាងហោចណាស់ ៦២នាក់ ត្រូវបានឃាត់ខ្លួន ដោយក្នុងនោះមាន ៣២នាក់ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅក្រោយពេលអំពើហិង្សាផ្ទុះឡើងរវាង ក្រុមបាតុករនិងប៉ូលិស នៅទីក្រុងប៉ារីស ក្នុងបាតុកម្មតវ៉ាទាមទារឱ្យមានការធ្វើ វិសោធនកម្ម ច្បាប់ការងារថ្មី (El-Khomri) ដែលទើបតែត្រូវបានប្រកាសចេញកាលពីថ្ងៃទី០៨ ខែ សីហា កន្លងទៅនេះ។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានបារំាង Le Figaro នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ ២០១៦។
សារព័ត៌មានបានបន្តទៀតថា មនុស្សជាង ១៣,០០០ នាក់បានចូលរួមក្នុងបាតុកម្មតវ៉ានេះ និង ៤០,០០០នាក់ ជាតួរលេខដែលត្រូវបានផ្ដល់ដោយក្រុមសហជីព CGT។ ដោយឡែកទាក់ទិននឹង បាតុកម្មតវ៉ានេះដែរ រដ្ឋមន្ត្រីមហាផ្ទៃបារំាង លោក Bernard Cazeneuve បាននិយាយនៅក្នុង សេចក្ដីប្រកាសព័ត៌មានថា«គិតចាប់តំាងពីមាន បាតុកម្មតវ៉ាប្រឆំាងនឹងច្បាប់ការងារមក ប៉ូលិសនិង កងកម្លាំងរក្សាសណ្ដាប់ធ្នាប់ជាង ៦២០ នាក់បានរងបួស ហើយបាតុកម្មតវ៉ានៅលើកនេះបានបង្ក ឱ្យប៉ូលិស ១៥នាក់ និង បាតុករបួននាក់បានរងរបួស ខណៈអំពើហិង្សានេះជារឿងដែលមិនអាច ទទួលយកបាននោះទេ ទើបជម្រុញឱ្យអាជ្ញាធរ ចាប់ខ្លួនមនុស្ស៦២នាក់ ក្នុងនោះ៣២នាក់ត្រូវឃុំខ្លួនបណ្ដោះអាសន្ន»។
គួរបញ្ជាក់ថាតាមការលើកឡើងរបស់លោក Cazeneuve ថា លោកពិតជាមានការសោកស្ដាយ ដែលអំពើហិង្សាជាច្រើនលើកបានកើតឡើង នៅក្នុងទីក្រុងប៉ារីស រួមទំាងទីក្រុង ណង់រូអង់ ទូលូ និង ទីក្រុងម៉ង់ពើលីយ៉េ ជាដើម៕