(កំពង់ធំ)៖ ក្នុងពិធីផ្ដល់ប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យនៅឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់ពលរដ្ឋត្រូវប្រើប្រាស់ប័ណ្ណសមធម៌តាមគោលការណ៍ ដើម្បីជាគុណប្រយោជន៍ និងមិនត្រូវយកទៅដាក់បញ្ចាំជាដាច់ខាត។

លោកបានណែនាំដល់លោកមេឃុំព្រះដំរីត្រូវខិតខំពង្រឹងគុណភាព ប្រសិទ្ធភាពការងារក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសត្រូវផ្ដល់ប័ណ្ណសមធម៌ជូនពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយបបច្ចុប្បន្នភាព និងតម្លាភាពបំផុត ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងបានផ្ដល់សាច់ប្រាក់ជូនដល់ដៃពលរដ្ឋក្រីក្រពិតប្រាកដ។

លើសពីនេះ រដ្ឋបាលឃុំព្រះដំរីត្រូវធ្វើការសិក្សានិងគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងប្រព័ន្ធស្រោចស្រពអោយបានពេញលេញក្នុងដៃ ដើម្បីងាយស្រួលក្នុងការស្តារនិងកសាងថ្មីៗថែមទៀត និងការបែងចែកទឹកឲ្យបានគ្រប់គ្រាន់ដល់ស្រែស្រូវកសិករ ជាពិសេសត្រូវចេះគ្រប់គ្រងនិងប្រើប្រាស់ទឹកឲ្យបានត្រឹមត្រូវ។

លោក សាយ គឹមឡម បានណែនាំដល់អធិការនគរបាលស្រុក ព្រមទាំងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលនិងរដ្ឋបាលឃុំ ត្រូវសហការគ្នា និងពន្លឿនការផ្ដល់សៀវភៅ ឬឯកសារអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ដើម្បីពលរដ្ឋប្រើប្រាស់បានតាមតម្រូវការ ជាពិសេសដើម្បីធ្វើប័ណ្ណសមធម៌ឲ្យបានទាន់ពេលវេលា។

លោកអភិបាលស្រុកស្ទោងក៏បានណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌ទាំងអស់ ត្រូវប្រើប្រាស់បាននេះឲ្យបានត្រឹមត្រូវជាគុណប្រយោជន៍តាមគោលការណ៍ ជាពិសេសកុំយកប័ណ្ណនេះទៅប្រើប្រាស់ខ្ពស់គោលការណ៍ និងដាក់បញ្ចាំឲ្យសោះ។

គួរបញ្ជាក់ថា ប័ណ្ណសមធម៌ដែលត្រូវបានចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យនៅឃុំព្រះដំរី ស្រុកស្ទោងនោះ មានសរុបចំនួន១៧៣ ក្នុងនោះក្រ១ចំនួន២១ ក្រ២ចំនួន៩០ និងហានិភ័យចំនួន៦២ប័ណ្ណ៕